សម្តេចធិបតីណែនាំអាជ្ញាធរលើការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរសាកល្បងកែសម្រួល ម៉ោងចុះត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងនាវេលាយប់ ខណៈការអនុវត្តកន្លងមកនេះ បានរងការត្អូញត្អែរខ្លះ ពីការរកស៊ីរបស់អាជីវករតាមបណ្តាហាងមួយចំនួន។

បទបញ្ជាពង្រឹងការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ក្នុងពេលយប់ ត្រូវបានចាប់អនុវត្តចាប់តាំងពីសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីតួលេខដោយសារគ្រោះថ្នាក់បើកបរ ដោយមានជាតិស្រវឹង បានកើនឡើងខ្ពស់ ហើយអ្នកប្រព្រឹត្តតែងរត់គេចខ្លួន មិនទទួលខុសត្រូវ លើសកម្មភាពរបស់ខ្លួន ដែលបង្កគ្រោះថ្នាក់នោះឡើយ។

សេចក្តីរាយការណ៍បានបង្ហាញថា ក្រោយការអនុវត្តចុះត្រួតពិនិត្យលើអ្នកបើកបរមានជាតិស្រវឹង ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ជាពិសេសក្នុងរាជធានីភ្នំពេញ តួលេខមនុស្សរងគ្រោះថ្នាក់ ដោយករណីបើកបរស្រវឹង និងបង្កគ្រោះថ្នាក់ បានកាត់បន្ថយយ៉ាងខ្លាំងដល់ប្រមាណ ៨០ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តក្នុងរយៈពេលជាង ២ខែមកនេះ, ភាពត្អូញត្អែរខ្លះ បានកើតមានចំពោះហាងអាជីវកម្មលក់ដូរពេលយប់ ដែលធ្លាប់តែមានមនុស្សមកកំសាន្ត បែរជាស្ងាត់ជ្រងំ មិនសូវមានមនុស្សចេញចូលដូចមុន និងធ្វើឱ្យចំណូលពីអាជីវកម្ម និងការត្រូវផ្តល់ប្រាក់ខែបុគ្គលិក បានរងហានិភ័យគំរាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍ កែសម្រួលម៉ោង និងពេលវេលាត្រួតពិនិត្យ លើការអនុវត្តចុះត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ប៉ុន្តែបានថ្លែងថា «បើជ្រើសរើសរវាងដង្ហើមអាហារដ្ឋាន និងជីវិតរបស់ប្រជាពលរដ្ឋ គេនឹងត្រូវជ្រើសរើសអាយុជីវិតរបស់ប្រជាពលរដ្ឋជាមុន»។

ads banner