រដ្ឋបាលខេត្តព្រះវិហារបដិសេធការផ្សាយព័ត៌មានស្ត្រីលេបថ្នាំសម្លាប់ខ្លួន (Video Inside)

រដ្ឋបាលខេត្តព្រះវិហារ បានបដិសេធការផ្សាយព័ត៌មានដែលនិយាយថា «ស្ត្រីនៅខេត្តព្រះវិហារម្នាក់ បានសម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី» ក្នុងករណីមួយ របស់ពលរដ្ឋរស់នៅក្នុងភូមិក្តាក់ ឃុំស្រយង់ ស្រុកគូលែន។

ព័ត៌មានជុំវិញការស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡី អាយុ ៥៩ឆ្នាំ នៅថ្ងៃទី១៥មីនា ត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី និងតាមបណ្តាញសង្គមខ្លះ ដែលប្រញាប់ឱ្យរដ្ឋបាលខេត្តព្រះវិហារ បានចុះធ្វើការស្រាវជ្រាវរកការពិត ដែលជាប់ពាក់ព័ន្ធ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡី គឺដោយសារតែវិបត្តិ ក្នុងក្រុមគ្រួសារ ដោយមានទំនាស់វាយប្រតាយប្រតប់គ្នា ដែលនាំឱ្យស្ត្រីរូបនោះផឹកស្រាស្រវឹង និងឈានដល់ផឹក «ថ្នាំសម្លាប់ស្មៅ» នៅថ្ងៃទី៩ មីនា ឆ្នាំ២០២៤។

ស្ត្រីរួបនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពឃុំស្រយង់ និងមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ប៉ុន្តែមិនសង្គ្រោះបានឡើយ។ សេចក្តីប្រកាសព័ត៌មានដដែលនិយាយថា «ក្រុមគ្រួសាររបស់ស្ត្រីនោះរស់នៅក្នុងភូមិ ពុំមាននរណាម្នាក់រត់ចូលក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ»។

សេចក្តីប្រកាសព័ត៌មានដដែល បានប្រកាសថា ការស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡី នោះ គឺមិនពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះឡើយ។ សេចក្តីប្រកាសព័ត៌មានដដែល បានហៅការផ្សាយព័ត៌មានការស្លាប់នេះ តាមបណ្តាញសង្គម និងតាមសារព័ត៌មាននានាគឺ «គ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ»។

ads banner