ការបោកប្រាស់តាមអនឡាញមិនគោរពព្រំដែនភូមិសាស្រ្តទេ ហើយនឹងបន្តរីកទៅទៀត ប្រសិនបើមិនមានវិធានការណ៍ដើម្បីការពារ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល និង ICT នៅក្នុងតំបន់បានរីកចម្រើនគួរឱ្យកត់សម្គាល់ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចឌីជីថលមានឥទ្ធិពលលើតម្រូវការរបស់ខ្លួន។

ទោះបីជាមានការរីកចម្រើននេះក៏ដោយ ការត្រៀមខ្លួនដើម្បីទទួលយកវិស័យឌីជីថលនៅតែជាបញ្ហាប្រឈម។ បញ្ហាប្រឈមមួយរួមមានការបោកប្រាស់តាមអនឡាញ។ ការបោកបញ្ឆោតតាមអនឡាញមិនត្រឹមតែបោកប្រាស់ចំពោះតែបុគ្គល និងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញការជឿទុកចិត្តលើអន្តរកម្មតាមអ៊ីនធឺណេតផងដែរ។

ឯកឧត្តម គូសបញ្ជាក់ថា ការបោកប្រាស់តាមអនឡាញ មិនគោរពព្រំដែនភូមិសាស្រ្តទេ ហើយនឹងបន្តរីកទៅទៀត ប្រសិនបើមិនមានវិធានការដើម្បីការពារការបោកប្រាស់បែបនេះ។

ការលើកឡើងរបស់ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី១នៃក្រុមការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ “THE 1st ASEAN WORKING GROUP ON ANTI-ONLINE SCAM MEETING” ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រីឌីជីថលអាស៊ាន(ADGSOM) អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានអាស៊ាន (Asean ICT Centre) និងតំណាងលេខាធិការដ្ឋានអាស៊ាន នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម កែវ សុទ្ធិ គូសបញ្ជាក់បន្តថា វិធានការប្រឆាំងនឹងការឆបោកប្រាស់តាមអនឡាញគឺ សំដៅលើវិធានការដែលបានធ្វើឡើងដើម្បីការពារបុគ្គល និងអាជីវកម្ម ពីការធ្លាក់ខ្លួនជាជនរងគ្រោះ ចំពោះទម្រង់ផ្សេងៗនៃការបោកប្រាស់។ ពាក់ព័ន្ធនឹងការអនុវត្តវិធានការសុវត្ថិភាព និងការអនុវត្តល្អបំផុតដើម្បីការពារប្រឆាំងនឹងសកម្មភាពក្លែងបន្លំដែលធ្វើឡើងតាមអនឡាញ មានដូចជាការបន្លំលួចអត្តសញ្ញាណ ការក្លែងបន្លំថ្លៃសេវាកម្រិតខ្ពស់ ការបោកប្រាស់តាមរយៈឆ្នោតផ្សងសំណាង ការបោកប្រាស់តាមរយៈស្នេហា និងទម្រង់ផ្សេងៗទៀតនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ឯកឧត្តម បញ្ជាក់ថា កត្តាចាំបាច់ដែលរដ្ឋជាសមាជិកអាស៊ានត្រូវរួមគ្នា និងធ្វើការជាសមូហភាព តាមរយៈការផ្លាស់ប្តូរ គោលនយោបាយ និងយុទ្ធសាស្ត្រ ល្អបំផុត ដើម្បីដោះស្រាយការបោកប្រាស់តាម អនឡាញ ពីព្រោះថាគ្មានប្រទេសណាអាចដោះស្រាយបញ្ហាឆ្លងព្រំដែននេះតែម្នាក់ឯងបានទេ។

មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជារូបនេះ បន្ថែមថា សំខាន់បំផុត ត្រូវតែមានការសហការគ្នារវាងរដ្ឋសមាជិកអាស៊ាន និងភ្នាក់ងារអនុវត្តច្បាប់ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកផ្តល់សេវាអ៊ីនធឺណេត ដែលមានសារៈសំខាន់ក្នុងការស៊ើបអង្កេត និងកាត់ផ្តន្ទាទោសដល់អ្នកបោកប្រាស់ ក៏ដូចជាការបិទប្រតិបត្តិការរបស់ពួកគេ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១នៃក្រុមការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ក្រោមការដឹកនាំសហប្រធានដោយឧត្តមមន្រ្តីអាស៊ានមកពីប្រទេសថៃ ដែលស្របតាមស្មារតិ នៃ កិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលអាស៊ាន នៅប្រទេសសិង្ហបុរី ។ ក្រុមការងារបានបើកនូវកិច្ចប្រជុំលើកនៅកម្ពុជា ក្នុងខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់ឧត្តមមន្រ្តី ADGSOM លើកទី១។

ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំនេះគឺក្រុមការងារបាន ផ្លាស់ប្តូរយោបល់ពីក្នុងក្របខ័ណ្ឌគតិយុទ្ធ ក៏ដូចជា វិធានការសំខាន់ៗ នៅក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមអនឡាញ វិធានការពង្រឹងច្បាប់ ហើយនិងការដាក់ចេញនូវគោលនយោបាយ កម្មវិធីសំខាន់ៗពីបណ្តាប្រទេសជាសមាជិកទាំងអស់ ដើម្បីធ្វើរបាយការណ៍មួយចំនួនអំពីវិធានការ ក៏ដូចជាសម្មិទ្ធិផល ចែករំលែកបទពិសោធន៍ព័ត៌មាន និងឧត្តមមានុវត្តន៍ ក្នុងការប្រយុទ្ធប្រឆាំង តាមប្រព័ន្ធអនឡាញនេះ ។ អង្គប្រជុំបានកំណត់ និងជ្រើសរើសមន្រ្តីបង្គោល មកពីបណ្តាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរយោបល់គ្នា ក្នុងការរៀបចំផែនការ សកម្មភាព សំរាប់អនុវត្តន៍បន្តផងដែរ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner