សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងរបស់គណបក្សភ្លើងទៀន ខេត្តសៀមរាប ដាក់ពាក្យប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ដោយអយុត្តិធម៌

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងចំនួន៣៨រូប របស់គណបក្សភ្លើងទៀន ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងប្តឹងទៅអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ដោយអយុត្តិធម៌របស់គណបក្សភ្លើងទៀន នៅខេត្តសៀមរាប ក្រោយការបោះឆ្នោតព្រឹទ្ធសភា។ ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងពាក្យបណ្តឹងរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងចំនួន៣៨រូប របស់គណបក្សភ្លើងទៀន ខេត្តសៀមរាប បានជម្រាបជូនអភិបាលខេត្តសៀមរាមថា គណបក្សភ្លើងទៀន បានលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ទាំងអស់គ្នា បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយហេតុផលចោទ ប្រកាន់ថា ពួកគាត់ពុំបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ តាមការណែនាំរបស់គណបក្សភ្លើងទៀន។ ការសង្ស័យចោទប្រកាន់មកលើពួកគាត់បែបនេះ គឺជាការរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត និងជាទង្វើ ល្មើសច្បាប់បោះឆ្នោតយ៉ាងធ្ងន់ធ្ងរ រួមទាំងរំលោភបំពានលើសេចក្តីប្រកាសព័ត៌មាន លេខៈ ០០៤ សប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

បន្ថែមលើនេះទៀត គណបក្សភ្លើងទៀន បានលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ទាំងអស់គ្នា គឺជាទង្វើប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋានឃុំ និងជាទង្វើរំលោភសិទ្ធិនយោបាយ បង្កការឈឺចាប់យ៉ាងខ្លាំងមកលើពួកគាត់អស់គ្នា ខណៈដែលគណបក្សភ្លើងទៀនសព្វថ្ងៃ គ្មានឯកសារ ផ្លូវច្បាប់ត្រឹមត្រូវ និងមិនអាចចូលរួមគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៅមុខទៀតបានឡើយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំជាប់ឆ្នោតក្នុងតំណែង សូមធ្វើការតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទី និងសូមស្នើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ ហើយសូមកុំធ្វើការផ្លាស់ប្តូរតួនាទីរបស់ពួកគាត់តាមការស្នើសុំរបស់គណបក្សភ្លើងទៀន ជាដាច់ខាត៕

ads banner