សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំ វេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិត លើសអ្វីៗទាំងអស់
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាព បឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៣ចំណុច និងបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិត លើសអ្វីៗទាំងអស់ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាព បឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៣ចំណុច រួមមាន៖ ទី១៖ ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែក, ទី២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និង ការឆ្លើយតបទៅនឹងការគម្រាម កំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន និងទី៣៖ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ ពង្រឹងពីក្រោមទៅលើ គឺការពង្រឹងសេវាមូលដ្ឋាន សេវាបឋម សេវាបញ្ជូន បំពេញគ្រូពេទ្យ ពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យជាដើម។ ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ


