សម្តេចធិបតីបានអំពាវនាវការពង្រឹងវិស័យសុខាភិបាល តាមខេត្ត និងតាមតំបន់ (Video Inside)
សម្តេចធិបតីបានអំពាវនាវការពង្រឹងវិស័យសុខាភិបាលតាមខេត្ត និងតាមតំបន់ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកជម្ងឺ ដោយមិនចាំបាច់ធ្វើដំណើរមកមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញឡើយ។
សេចក្តីអំពាវនាវនេះ បានធ្វើឡើងខណៈមានសេចក្តីរាយការណ៍បង្ហាញថា ពលរដ្ឋដែលចង់ព្យាបាលជម្ងឺនៅតែមានអារម្មណ៍គិតថា ពេទ្យនៅតាមខេត្ត គឺជាពេទ្យដែលមិនទាន់មានជំនាញ និងមានឧបករណ៍ទំនើប សម្រាប់ការព្យាបាលល្អឡើយ។
សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ បានលើកឧទាហរណ៍នូវការបង្កើតពេទ្យតាមតំបន់ ដែលមានសមត្ថភាព ក្នុងការព្យាបាលប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកឆ្ងាយរហូតដល់រាជធានីឡើយ។ សម្តេចធិបតីបានលើកឡើងនូវគម្រោងខ្លះ ដែលរាជរដ្ឋាភិបាលបានរៀបចំបង្កើតឱ្យមានមន្ទីរពេទ្យតាមតំបន់ ដើម្បីបំរើសេវាតាមតម្រូវការរបស់ពលរដ្ឋ។
ការពង្រីកសមត្ថភាពពេទ្យនៅតាមខេត្ត និងតំបន់ គឺចំណុចអាទិភាពមួយ ក្នុងចំណោមអាទិភាព ៥ នៃគោលនយោបាយបញ្ចកោណទី១ របស់រាជរដ្ឋាភិបាល។ ចំណុចអាទិភាពទី៣ បានសរសេរនូវ «ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន»។
គោលដៅនៃចំណុចអាទិភាពទី៣នេះ គឺ «ការផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់សុខភាពបន្តពូជ, សុខភាពទារក កុមារ និងមាតា, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល វិជ្ជាជីវៈសុខាភិបាល, ការលើកកម្ពស់សមត្ថភាព ជំនាញ, ការលើកកម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជន តាមសហគមន៍។