ជើងហោះហើររវាងកម្ពុជា និងឡាវ ចាប់ផ្តើមសាឡើងវិញ (Video Inside)
ក្រុមហ៊ុនអាកាសចរណ៍ឡាវបាន ចាប់ផ្តើមហោះហើរឡើងវិញជើងដំបូង រវាងភ្នំពេញ-វៀងចន្ទន៍ ក្រោយការផ្អាកមួយរយៈពេលធំ ដោយសារតែវិបត្តិកូវីដ១៩។
អ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៊ីន ចាន់សេរីវុត្ថា ការហោះជើងដំបូងនាថ្ងៃទី១៩មីនា មានភ្ញៀវចំនួន ១១៦នាក់ ពីប្រទេសឡាវ និងចំនួនអ្នកដំណើរពីភ្នំពេញទៅក្រុងវៀងចន្ទន៍វិញ មានចំនួន ៨៦នាក់។
ការហោះហើរជើងដំបូងសាឡើងវិញនេះ មានការទទួលស្វាគមន៍នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយការជូនក្រមា បាច់ផ្កា និងភួងម្លិះ ដល់ភ្ញៀវទេសចរទាំងអស់គ្នាថែមទៀត។
មន្ត្រីអាកាសចរបានបញ្ជាក់ថា ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរ ក្នុងមួយសប្តាហ៍ចំនួន ៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។
ការប្រកាសភ្ជាប់ជើងហោះហើរត្រង់ឡើងវិញនេះ បានធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋ នៃប្រទេសឡាវ លោក ថង លុនស៊ីសុលីត ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២% ដែលធ្វើឱ្យឡាវ គឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកកម្សាន្ត នៅក្នុងប្រទេសកម្ពុជា ច្រើនជាងគេ៕