ឆេះរោងចក្រ និងសម្ភារៈតម្លៃជាង ១០លានដុល្លារ (Video Inside)
ការឆេះរោងចក្រកាត់ដេរស្បែកជើងយីហោ «R.G footwear ខូអិលធីឌី» នៅក្នុងខេត្តកណ្តាល ត្រូវគេរាយការណ៍ថា បានខាតបង់ដល់ម្ចាស់ក្រុមហ៊ុនអស់ចំនួនជាង ១០លានដុល្លារ។ ការឆេះរោងចក្រកាត់ដេរស្បែកជើងនេះ បានកើតឡើងវេលាម៉ោង៤កន្លះរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា រោងចក្រផលិតស្បែកជើង ដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ ប៉ុលរ៉ាមី ស៊ីសុផុន អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានបញ្ជាក់ថា អគ្គិភ័យនេះបានធ្វើឱ្យអាគារទំហំ ១០០ម៉ែត្រ គុណ២០០ម៉ែត្រចំនួន២ខ្នង និងអាគារទំហំ ១២០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន១ខ្នង រួមទាំងសម្ភារៈនៅខាងក្នុងរោងចក្រទាំងអស់ត្រូវឆេះខូចខាតទាំងស្រុង…និង បើគិតជាសាច់ប្រាក់វិញ គឺអស់សរុបប្រមាណ ១០លានដុល្លារអាមេរិក។ សមត្ថកិច្ចបានថ្លែងថា មូលហេតុដែលឆេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។