អ្នកវិភាគថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមប៉ះពាល់ខ្លាំងដល់ថៃ

យោងតាមអ្នកវិភាគមកពីការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ហៅកាត់ថា TPSO បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងប៉ះពាល់ខ្លាំងក្លា លើផ្នែកនាំចេញរបស់ថៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៩។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ មិថុនា ២០១៩កន្លងទៅ សហគមអឺរ៉ុប និងវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ហៅកាត់ថា EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប-វៀតណាម នៅទីក្រុងហាណូយ។ កិច្ចព្រមព្រៀងតម្រូវឲ្យអឺរ៉ុបលើកលែងពន្ធគយលើទំនិញរបស់វៀតណាមនាំចូលទៅអឺរ៉ុប ស្ទើរតែទាំងអស់ ខណៈដែលវៀតណាមក៏ចាប់ផ្តើមបន្ធូរបន្ថយពន្ធនាំចូលទំនិញពីអឺរ៉ុបដូចគ្នា គ្រាន់តែថា វៀតណាមទទួលបានបន្ថូរបន្ថយច្រើន និងឆាប់រហ័សជាង។

អ្នកវិភាគ TPSO ថា វៀតណាមប្រហែលជាទទួលបានផលចំណេញពីប្រទេសថៃ ក្នុងការប្រកួតប្រជែងទីផ្សារអឺរ៉ុប ដោយសារតែតម្លៃប្រកួតប្រជែង។ កិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់វៀតណាម ចូលទីផ្សារអឺរ៉ុប ដែលមានប្រជាជនជាង៥០៨លាននាក់ និងផលិតផលក្នុងស្រុក GDP មាន១៨ទ្រីលានដុល្លារអាម៉េរិក។ យ៉ាងណាក៏ដោយ អឺរ៉ុបក៏ត្រូវបានរំពឹងថា នឹងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាឧទាហរណ៍គំរូ ក្នុងការចរចាជាមួយប្រទេសថៃផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner