កំពង់ចាម និងសៀមរាប នឹងមានមន្ទីរពេទ្យថ្នាក់តំបន់តម្លៃជាង១៤០លានដុល្លារ

ភ្នំពេញ:ប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាចំនួន១៤១លានដុល្លារសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកនៃខេត្តសៀមរាប និងកំពង់ចាម ឲ្យទៅជាមន្ទីរពេទ្យថ្នាក់តំបន់ដែលមានស្តង់ដារខ្ពស់។ មន្ត្រីជំនាញលើកឡើងថា នេះជាក្តីសង្ឃឹមថ្មីសម្រាប់សេវាសុខាភិបាលនៅខេត្តធំៗទាំងពីរនេះ ដែលមានប្រជាជនសរុបប្រហែល២លាននាក់។

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ ចាយកា(JICA) ដែលបានចុះហត្ថលេខាផ្តល់ជំនួយនេះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានឲ្យដឹងថា ខេត្តកំពង់ចាមនឹងមានអាគារមន្ទីរពេទ្យថ្មីចំនួន២ ដែលមានកម្ពស់៨ជាន់ និងគ្រែជាង៦០០។ ចំណែក ខេត្តសៀមរាប នឹងមានអាគារពេទ្យថ្មីចំនួន២ដែរ ដែលមានកម្ពស់៨ជាន់១អាគារ និងកម្ពស់៥ជាន់១អាគារ សរុបមានគ្រែជិត៧០០។

មន្ទីរពេទ្យថ្មីទាំងនេះ នឹងត្រូវបានបំពាក់បរិក្ខាពេទ្យទំនើបៗ និងមានបញ្ចូលការងារបែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រនៅក្នុងប្រព័ន្ធមន្ទីរព័ត៌មាន និងការគ្រប់គ្រងអ្នកជំងឺទៀតផង។ ប្រព័ន្ធ និងឧបករណ៍ទាំងនេះនឹងបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យ និងព្យាបាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅថ្ងៃទី ១៩ មីនា ក្នុងពេលសម្តេចប្រកាសពីជំនួយរបស់ប្រទេសជប៉ុនថា មន្ទីរពេទ្យថ្នាក់តំបន់ទាំងពីរ នឹងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ ដោយពួកគេមិនចាំបាច់ធ្វើដំណើរឆ្ងាយ ដើម្បីព្យាបាលជំងឺរហូតមកដល់រាជធានីភ្នំពេញនោះទេ។ លើសពីនេះ មន្ទីរពេទ្យថ្មីនេះ ក៏នឹងកាត់បន្ថយគម្លាតនៃស្តងដារព្យាបាលជំងឺផងដែរ។ សម្តេចបញ្ជាក់ទៀតថា កម្ពុជានឹងពង្រីកបន្ថែមនូវមន្ទីរពេទ្យថ្នាក់តំបន់មានស្តង់ដាខ្ពស់បន្ថែមទៀត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

គួរសម្គាល់ថា នេះជាលើកដំបូងហើយដែលរដ្ឋាភិបាលជប៉ុនបានលូកដៃជួយពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខាទំនើបថ្នាក់តំបន់។ ជំនួយនេះកើតមានស្របពេលវិស័យសុខាភិបាលរបស់កម្ពុជា នៅស្ថិតនៅឆ្ងាយនៅឡើយពីចក្ខុវិស័យរបស់រដ្ឋាភិបាល។ ការខ្វះទំនុកចិត្ត និងព័ត៌មានជាហូរហែពីកម្សោយចាប់តាំងពីការវិនិច្ឆ័យរោគសញ្ញា រហូតដល់ព្យាបាល នៅតាមមន្ទីរពេទ្យមួយចំនួន បានបង្ខំឲ្យប្រជាជនខ្មែរខ្លះស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ជាពិសេស ប្រទេសថៃ និងវៀតណាម៕ ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner