អ៊ីរ៉ង់ប្រកាសថា ខ្លួនចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិត ដែលដាក់កំហិតក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥
អ៊ីរ៉ង់៖ អ៊ីរ៉ង់ នឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពីចំនួន៣,៦ភាគរយ ក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ នៅថ្ងៃអាទិត្យសប្តាហ៍មុន។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសលោកនឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដង។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ទីក្រុងតេហេរ៉ង់ ពិតជាមានឆន្ទៈសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែសហភាពអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ដោយបណ្ដោយឱ្យសហរដ្ឋអាម៉េរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងដោយឯកតោភាគី ហើយដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ៕ធ.ដ