អង្គការសិទ្ធិមនុស្សស៊ីរីបញ្ជាក់ថា ជនស៊ីវិល៥៤៤នាក់បាត់បង់ជីវិតក្នុងប្រតិបត្តិការយោធា ដឹកនាំដោយរុស្ស៊ី និងកងទ័ពស៊ីរីគិតត្រឹមរយៈពេល២ខែមកនេះ
ស៊ីរី៖ អង្គការសិទ្ធិមនុស្សស៊ីរី SNHR បានលើកឡើងថា ក្នុងរយៈពេល២ខែកន្លងទៅនេះ ជនស៊ីវិលប្រមាណ៥៤៤នាក់ ត្រូវបានសម្លាប់ និងច្រើនជាង២ពាន់នាក់ទៀតរងរបួស ចាប់តាំងពីរុស្ស៊ី និងកងកម្លំាងស៊ីរី ដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាម ស្ថិតនៅភាគពាយព្យនៃប្រទេសស៊ីរី។
ជុំវិញរបាយការណ៍នេះដែរ ប្រធានអង្គការបណ្ដាញស៊ីរី ដើម្បីសិទ្ធិមនុស្ស SNHR លោក Fadel Abdul Ghany បានចោទប្រកាន់ចំៗថា យោធារុស្ស៊ី និងកងទ័ពរដ្ឋាភិបាលស៊ីរីជាសម្ព័ន្ធមិត្ត មានចេតនាដាក់ជនស៊ីវិលជាគោលដៅរបស់ខ្លួន ដោយពួកគេបានវាយប្រហារទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យជាច្រើន នៅក្នុងតំបន់។ ប៉ុន្តែខាងយោធារុស្ស៊ី និងស៊ីរី បានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់បែបនេះ។
សូមជម្រាបថា ខេត្ត Idlib និងខេត្ត Hama គឺជាសមរភូមិប្រយុទ្ធធំចុងក្រោយបំផុតមួយរវាងកងទ័ពរដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្ស៊ី និងក្រុមឧទ្ទាមស៊ីរី ដែលមានសហរដ្ឋអាម៉េរិក ជាអ្នកផ្ដល់ជំនួយ និងការគំាទ្រនានា។ បច្ចុប្បន្ន ទឹកដីស៊ីរីមួយភាគធំកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ៕ធ.ដ