ប្រធានសសយក ប្រតិកម្មនឹងសម្តីរបស់ពិធីករហង្សមាស (Video Inside)

ប្រធានសសយក លោក ហ៊ុន ម៉ានី ដែលតែងដឹកនាំការធ្វើអង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប បានសម្តែងក្តី «ភ្ញាក់ផ្អើល និងការហួសចិត្ត» ចំពោះសម្តីអត្ថាធិប្បាយរបស់ពិធីករហង្សមាស លោក មាស រិទ្ធី ដែលនិយាយផ្សាយតាមទូរទស្សន៍ថា រូបលោក «ខ្ជិល» ចំពោះការរៀបចំធ្វើអង្គរសង្ក្រាន្តឆ្នាំ២០២៤នេះ។

ពិធីករហង្សមាសលោក មាស រិទ្ធី ក្នុងកម្មវិធីព័ត៌មានពេលព្រឹកថ្ងៃទី២៥មីនា ដែលមានមនុស្សចូលទស្សនាជាច្រើននោះ បាននិយាយថា លោក ហ៊ុន ម៉ានី ក្នុងសំណួរមួយដែលត្រូវសាកសួរ ក្នុងពេលចូលរួមពិធីជួបជុំសប្បាយមួយ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះ ក្នុងការចង់ដឹងថា តើឆ្នាំនេះ នឹងរៀបចំអង្គរសង្ក្រាន្តដែរឬទេ? ពិធីករហង្សមាសរូបនោះ និយាយថា លោក ហ៊ុន ម៉ានី បានឆ្លើយថា «ខ្ជិល»។

លោក ហ៊ុន ម៉ានី ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរលើបណ្តាញសង្គមហួសចិត្ត ដែលតាមពិតលោកបានឆ្លើយថា «ទុកឱ្យរាជធានីខេត្ត គេរៀបចំឆ្នាំនេះ»។ ប៉ុន្តែចម្លើយរបស់លោក ត្រូវបានពិធីករហង្សមាស និយាយថា លោកខ្ជិល ទៅវិញ។

លោក ហ៊ុន ម៉ានី បានសរសេរថា «តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះ ក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន?»។

ប្រធានសសយក បានថ្លែងថា អ្វីដែលលោកហួសចិត្តគឺទី១ ដោយគិតថា ដោយសារការរាប់អានគ្នា ហើយការសួរនោះប្រហែលជាការសួរនាំធម្មតា ដែលមិនមែនជាកិច្ចសម្ភាសន៍ ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ ចំណែកការហួសចិត្តមួយទៀត គឺ «មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំ ទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។

លោក ហ៊ុន ម៉ានី បានថ្លែងថា លោក «ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់»។ លោកថា ប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្ត មិនត្រូវនោះទេ… ហើយបើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំ នៅអង្គរសង្រ្កាន្តនោះឡើយ»។

ads banner