ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៨១នាក់ថ្ងៃនេះ (Video Inside)
ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៦មីនានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង ៨១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣២នាក់ និងអ្នកប្រើប្រាស់៤៨នាក់។
វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃនេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង៥សែនក្រាម។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ក្នុងរយៈពេល៦ខែ ក្នុងអាណ្ណត្តិរាជរដ្ឋាភិបាលថ្មី គិតតាំងពីខែកញ្ញា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤, ការបង្ក្រាបគ្រឿងញៀនមានចំនួន ៣ពាន់ ៨៤៩ករណី និងបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធ ចំនួន ៩ពាន់ ៦៧៥នាក់។
ការពង្រឹងការគ្រប់គ្រង និងការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពទីបួន ដាក់ចេញដោយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។