ព្រឹទ្ធសភា បើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅវិមាន ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤។

ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥។

របៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន ៖
១- ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ
២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ អញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួលតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។

ចំណែកនៅពេលរសៀល ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ រួមទាំងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
 
សូមជម្រាបថា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង០៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។

សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើស​តាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើស​ឆ្នោតជាសម្ងាត់៕
ដោយ៖ពលជ័យ

ads banner