ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បានសម្តែងនូវឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រ សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយ និងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដំណើរ ការដោយរលូន ប្រកបដោយភាពចាស់ទុំខាងនយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

ព្រះមហាក្សត្របានមានព្រះបន្ទូលទៀតថា តាមរយៈសមិទ្ធផលស្នាដៃ និងវឌ្ឍនភាព ក្នុងការអនុវត្តមុខងារស្នូលទាំងបី ព្រឹទ្ធសភាសម្រេចបាននូវលទ្ធផលវិជ្ជមានជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជារាស្ត្រ ជាពិសេសពង្រឹងបានស្ថិរភាព នយោបាយ និងការឯកភាពជាតិ លើកកម្ពស់ ការគោរពច្បាប់ និងជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាស្ពានតភ្ជាប់អំណាច រដ្ឋខាងលើទៅថ្នាក់មូលដ្ឋានខាងក្រោម ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់។

ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្តានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ក្នុងបរិបទនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ នៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។

ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាននិងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ន។ ទន្ទឹមនេះ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល៕
ដោយ៖ពលជ័យ

ads banner