លោក សួន សេរីរដ្ឋា៖ ការលះបង់របស់សម្ដេចតេជោ មិនដែលគិតពីប្រយោជន៍គ្រួសារ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច និងអ្នកវិភាគមួយចំនួន នៅក្រៅប្រទេសថា ការឡើងកាន់តំណែងរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា គឺជាការប្រមូលផ្តុំអំណាចគ្រួសារនិយមនោះ គឺមិនអាចឆ្លើយតបនឹងអ្វីដែលជាទំហំនៃការលះបង់ពលិកម្មរបស់គ្រួសារសម្តេចតេជោ ជាពិសេសសម្តេចផ្ទាល់ចំពោះទឹកដី មាតុភូមិរបស់កម្ពុជាទេ ពីព្រោះសម្តេចមិនដែលបានគិតពីគ្រួសារខ្លួនឯង មិនដែលគិតអំពីប្រយោជន៍គ្រួសារ។ ការលើកឡើងនេះ គឺជាការច្រណែនឈ្នានីសនយោបាយ ហើយព្យាយាមរិះរកប្រើពាក្យណា ដើម្បីបំភ័ន្តការពិត និងសាធារណមតិឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសមានការយល់ច្រឡំ។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថា ការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយម និងអ្នកវិភាគមួយចំនួននៅក្រៅប្រទេសដែលតែងតែធ្វើការបកស្រាយអត្ថាធិប្បាយតាមរយៈវិទ្យុបរទេសជាភាសាខ្មែរដែលផ្សាយពីក្រៅប្រទេស គឺជាការច្រណែនឈ្នានីសនយោបាយ ហើយព្យាយាមរិះរកប្រើពាក្យណា និយាយពាក្យណា ដើម្បីបំភ័ន្តការពិត និងសាធារណមតិឲ្យប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសមានការយល់ច្រឡំ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា ពួកគេគ្មានចេតនាចង់បង្ហាញការពិតនូវអ្វីដែលកម្ពុជាមាន នៅអ្វីដែលកម្ពុជាដើរមកដល់ថ្ងៃនេះទេ ក៏ប៉ុន្តែពួកគេព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីប្រើពាក្យណាឱ្យវាមានការចំណេញនយោបាយដល់ក្រុមរបស់ពួកគេ គឺជួយជ្រោមជ្រែងឲ្យគណបក្សនយោបាយដែលពួកគេគាំទ្រនោះ ទទួលបានផលចំណេញនយោបាយអំពីការនិយាយអំពីការផ្សាយរបស់ពួកគេ។ ពាក្យគ្រួសារនិយមនេះ ពួកគេមិនមែនទើបតែនិយាយពេលនេះទេ គេនិយាយយូរហើយ ប៉ុន្តែការនិយាយការរិះគន់របស់ពួកគេយូរហើយនឹងវាជានយោបាយគ្រួសារនិយមដែលគិតតែពីគ្រួសារដូចដែលពួកគេនិយាយពិតប្រាកដមែនដែរឬក៏អត់? តើសម្តេចតេជោ ហ៊ុន សែន តាំងពីចេញទៅតស៊ូដើម្បីរំដោះអាយុជីវិតប្រជាពលរដ្ឋចេញពីរបបខ្មែរក្រហម តាំងពីដឹកនាំប្រទេសពីបាតដៃទទេ រហូតឱ្យប្រទេសមានការរីកចម្រើនគ្រប់វិស័យ។ តាំងពីដឹកនាំប្រទេសដែលមានជម្លោះវិបត្តិផ្ទៃក្នុងសង្គ្រាមរហូតដល់ប្រទេសមានសន្តិភាព។ តាំងពីដឹកនាំប្រទេសពេលដែលបរទេសមើលងាយខ្មែររហូតដល់បរទេសគេលើកតម្កើងនូវមោទនាភាពជាតិខ្មែរ ទទួលស្គាល់នូវភាពអស្ចារ្យរបស់ខ្មែរ។ បើសម្តេចគិតតែពីក្រុមគ្រួសាររបស់លោកតែប៉ុន្មាននាក់ ចាំបាច់អីនឹងខិតខំពលីកម្មតស៊ូគ្រប់សព្វបែបយ៉ាង។

លោក សួន សេរីរដ្ឋា បានលើកឡើងថា មនុស្សយើងបើគ្រួសារនិយម គិតតែពីគ្រួសារនិយម គឺអត់លំបាកទេ ប៉ុន្តែដោយសារគិតពីប្រទេសជាតិទាំងមូល ដល់ប្រជាពលរដ្ឋទាំងមូល សុខចិត្តយកអាយុជីវិតធ្វើជាដើមទុន សុខចិត្តយកសេចក្តីសុខក្រុមគ្រួសារធ្វើជាដើមទុន ដើម្បីដោះដូរមកវិញឱ្យបានសុខសន្តិភាពទូទាំងប្រទេស ដើម្បីភាពសុខដុមរមនីយកម្ម ជាតិ សាសនា និងការអភិវឌ្ឍន៍របស់ប្រទេសជាពិសេស គឺសន្តិភាពដែលជាការឯកភាពគ្នាពេញលេញលើផ្ទៃប្រទេស ដែលយើងឃើញថា ជិត១ពាន់ឆ្នាំមកនេះ អត់ដែលមានទេ គឺទើបតែមាននៅក្នុងសម័យពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។ ដូច្នេះពាក្យថា ឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលនេះ គឺជាការប្រមូលផ្តុំអំណាចគ្រួសារនិយមនោះ គឺមិនអាចឆ្លើយតបនឹងអ្វីដែលជាទំហំនៃការលះបង់ពលិកម្មរបស់គ្រួសារសម្តេច ជាពិសេសសម្តេចផ្ទាល់ចំពោះទឹកដីមាតុភូមិរបស់កម្ពុជាទេ ពីព្រោះសម្តេចមិនដែលបានគិតពីគ្រួសារខ្លួនឯង មិនដែលគិតអំពីប្រយោជន៍គ្រួសារ៕
ដោយ៖ពលជ័យ

ads banner