កម្ពុជា ជាប់លេខ១ជាប្រទេសមានទុនវិនិយោគពីបរទេសច្រើនជាងគេ

ភ្នំពេញ៖ ប្រទេសកម្ពុជាឈរនៅកំពូលតារាងដែលមានលំហូរទុនវិនិយោគពីក្រៅប្រទេសច្រើនជាងគេ ក្នុងចំណោម ១០ប្រទេសនៅអាស៊ី មជ្ឈឹមបូពាហ៌ អាហ្វ្រិក និងអឺរ៉ុប។ ទិន្ន័យដែលចេញផ្សាយដោយស្ថាបនអន្តរជាតិ FDI Intelligence ស្តីពីកំណើនការវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំ ២០២៤បង្ហាញថា ទុនវិនិយោគដែលហូរចូលមកកម្ពុជាមានកំណើន ៣៩៣ភាគរយ និងគម្រោងវិនិយោគផ្ទាល់ពីបរទេសមានកំណើន១១០ភាគរយ។ ឈរពីក្រោមកម្ពុជារៀងគ្នា គឺប្រទេសហ្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាំមីប៊ី ហ្កាហ្សាក់ស្ថាន អាហ្សែបែហ្សង់ ម៉ូរូកូ ស៊ែប៊ី និងប្រទេសឥណ្ឌា។
របាយការណ៍ដដែលបង្ហាញទៀតថា ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលត្រូវបានព្យាករណ៍ក្នុងអត្រា ៦.១% ក្នុងឆ្នាំ ២០២៤ដែលកើនឡើងពី ៥.៦% ក្នុងឆ្នាំ ២០២៣ IMF រំពឹងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច សង្គម យល់ថា ប្រសិនបើការព្យាករណ៍នេះ ពិតជាត្រឹមត្រូវ នោះសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានភាពប្រសើរឡើងចាប់ពីឆ្នាំ២០២៥តទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )បានបង្ហាញថា នៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤នេះ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួនជាង ១០០គម្រោង ដែលមានទុនសរុប ២.២ពាន់លានដុល្លារ។ គម្រោងវិនិយោគទាំងនោះរួមមាន គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥, គម្រោងសាងសង់វារីអគ្គិសនី, គម្រោងវិនិយោគកំពុងផែពហុបំណង និងមណ្ឌលភស្តុភារកម្ម គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ និងគម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើបជាដើម។ ដោយគម្រោងទាំងនេះ បានបង្កើតការងារដល់ពលរដ្ឋខ្មែរប្រមាណជាង ១ម៉ឺននាក់។
ទន្ទឹមនឹងមានភាពវិជ្ជមាននេះ កម្ពុជាក៏មានប្រឈមជាច្រើនដែលរដ្ឋាភិបាលកំពុងដោះស្រាយ ដូចជា ការជាប់គាំងសេដ្ឋកិច្ចក្នុងវិស័យមួយចំនួនដូចជា អចលន ទ្រព្យ ប្រព័ន្ធយុត្តិធម៌ សុខាភិបាល វិសមភាពក្នុងការអប់រំ និងសមភាពយេនឌ័រ ជាដើម៕
 ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner