ក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំបំផុតនៅអង់គ្លេសជំពាក់ធនាគារ ៥០០លានដុល្លារ អត់សង
ក្រុមហ៊ុន Kemble Water ដែលជាក្រុមហ៊ុនមេរបស់សាជីវកម្មផ្គត់ផ្គង់ទឹកដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស Thames Water បានខកខាន មិនបានសងបំណុលធនាគារ ចំនួនជាង៥០០លានដុល្លារអាមេរិក។
ការខកខានទូទាត់បែបនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Kemble Water ធ្លាប់បានប្រកាស កាលពីចុងខែមីនាថា ខ្លួនបានបរាជ័យក្នុងការគៀរកូរសាច់ប្រាក់ពីម្ចាស់ភាគហ៊ុន ដោយបានបន្ទោសលើ «បទប្បញ្ញត្តិឧស្សាហកម្ម» ដែលប៉ះពាល់ដល់ផែនការវិនិយោគ។
តាមផែនការ ក្រុមហ៊ុនត្រូវទូទាត់បំណុល ៥០៥លានដុល្លារ នៅថ្ងៃទី ២ ខែមេសា ប៉ុន្តែមិនបានបង់ទេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានទាក់ទងទៅម្ចាស់បំណុល ស្នើសុំឱ្យពួកគេ កុំឲ្យមានការចាត់វិធានការ ដើម្បីស្ថេរភាពក្រុមហ៊ុន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Thames Water និង Kemble Water បដិសេធមិននិយាយលម្អិត ពេលដែល AFP ទាក់ទងទៅ។ ប៉ុន្តែ មានព័ត៌មានបង្ហាញថា អ្នកផ្តល់ប្រាក់កម្ចីរបស់ Kemble រួមមាន ធនាគារនៅអៀឡង់ និង នៅចិន។
ក្រៅពីរឿងអាស្រូវបំណុល ថ្មីៗនេះ ក្រុមហ៊ុនកំពុងប្រឈមនឹងការដកអាជ្ញាបណ្ណ ដោយសារតែការខកខានក្នុងការបញ្ឈប់ការបង្ហូរទឹកស្អុយ ចូលទៅក្នុងទឹកទន្ល សមុទ្រ ជាដើម ។
ក្រុមហ៊ុន Thames Water ទទួលបន្ទុកផ្គត់ផ្គង់ទឹក ដល់លំនៅដ្ឋាន និងអាជីវកម្ម ជាង១៥លាន កន្លែង នៅក្នុងទីក្រុងឡុងដ៍ និងកន្លែងផ្សេងទៀត នៅភាគខាងត្បូងប្រទេសអង់គ្លេស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត