សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តមានបន្ទុកសេដ្ឋកិច្ចស្រាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា បន្តមានបន្ទុក សេដ្ឋ កិច្ចស្រាល តាមរយៈផលធៀប ក្នុងបន្ទុកសេដ្ឋកិច្ចមានចំនួន ៤៨នាក់ ក្នុងចំណោម កម្លាំង ពលកម្ម ១០០នាក់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បាន ថ្លែង ដូច្នេះនៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធនឹង គោលនយោបាយជាតិប្រជាជន ខ្ញុំតែង បានលើកជាហូរហែ នៅក្នុងវេទិកានានា ពាក់ព័ន្ធនឹងការកើនឡើង នៃចំនួន មនុស្ស វ័យចាស់កម្ពុជា នៅក្រោយឆ្នាំ២០៥០ ។

នៅពេលនេះ ខ្ញុំសូមធ្វើការគូសបញ្ជាក់ឡើងវិញថា ការចំណោលប្រជាជនតាមសេណារីយ៉ូ សមស្របដោយ ផ្អែកតាមលទ្ធផលជំរឿនទូទៅ នៃប្រជាជនឆ្នាំ២០១៩ បង្ហាញថា នៅឆ្នាំ ២០៥០ កម្ពុជាមានប្រជាជនអាយុក្រោម ១៥ ឆ្នាំ ចំនួនជាង៣លាន ៣សែននាក់ ស្មើនឹង ១៥,៥%, ប្រជាជនអាយុ ១៥-៦៤ ឆ្នាំ, មានចំនួនជាង១៤លាន ៦សែន នាក់ ស្មើនឹង ៦៧,៥%, និង ប្រជាជនអាយុ ៦៥ ឆ្នាំឡើង, មានចំនួនជាង ៣ លាន ៧សែននាក់ ស្មើនឹង ១៧,១% ។

សម្តេចបញ្ជាក់ថា នៅឆ្នាំ២០៥០ កម្ពុជា បន្តមានប្រជាជន ក្នុងវ័យធ្វើការច្រើនលើសលប់ ដដែល ក៏ប៉ុន្តែ ប្រជាជនវ័យចាស់ ចាប់ផ្តើមមានចំនួនច្រើនជាង ប្រជាជនវ័យក្មេង ជាបណ្តើរៗ (គឺ ១៧,១% ទល់នឹង ១៥,៥%) ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ផលធៀប ក្នុងបន្ទុកសេដ្ឋកិច្ចមានចំនួន ៤៨ នាក់ ក្នុងចំណោមកម្លាំងពលកម្ម ១០០នាក់ ដែលបង្ហាញថា កម្ពុជា បន្តមានបន្ទុកសេដ្ឋកិច្ច ស្រាល ។

ដូច្នេះ ក្នុងពេលនេះ យើងមិនគួរបារម្ភពេកអំពីកង្វះ កម្លាំងពលកម្ម នៅក្រោយឆ្នាំ ២០៥០ទេ, អ្វីដែលត្រូវយកចិត្តទុកដាក់នោះ គឺការពង្រឹងសមត្ថភាព ជំនាញដល់យុវជន ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រ ឱ្យបានជា អតិបរមាដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner