ខែមីនា បើករោចក្រថ្មី២២ ទុនជិត៦០លានដុល្លារ
ភ្នំពេញ៖ នៅក្នុងខែមីនាតែមួយ កម្ពុជាមានរោងចក្រថ្មីសរុប៤២។ ក្នុងនោះរោងចក្រចំនួន ២២ បានបើកដំណើរការក្រោមទុនវិនិយោគសរុបជិត៦០លានដុល្លារ និងត្រូវរំពឹងថា នឹងបង្កើតឳកាសការងារថ្មីចំនួន១ម៉ឺនកន្លែង។ ចំណែករោងចក្រចំនួន ២០ផ្សេងទៀត ទើបទទួលបានអាជ្ញាបណ្ណ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។
ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានប្រាប់ទូរទស្សន៍អប្សរាថា នៅក្នុងចំណោម២២រោងចក្រដែលបានដាក់ឱ្យដំណើរការនេះ មានរោងចក្រផលិតសម្លៀកបំពាក់ច្រើនជាងគេចំនួន ៩ បន្ទាប់មករោងចក្រផលិតកាបូប វ៉ាលី ខ្សែក្រវ៉ាត់ ចំនួន ៤រោងចក្រ ក្រៅពីនេះ រោងចក្រផលិតតុក្តា និងប្រដាប់ក្មេងលេង រោងចក្រផលិតកេះកាតុង រោងចក្រផ្គុំបន្ទះសូឡា និងរោងចក្របោះពុម្ព វេចខ្ចប់ ជាដើម។
ប្រទេសដែលដាក់ទុនវិនិយោគច្រើនជាងគេលើវិស័យកម្មន្តសាលរោងចក្រនៅកម្ពុជា គឺប្រទេសចិន មានជាងមួយពាន់រោងចក្រ និងកោះតៃវ៉ាន់ជាង ២០០រោងចក្រ។ ចំណែក ហុងកុង កូរ៉េខាងត្បូង និងជប៉ុន ប្រដំប្រសងគ្នាដោយម្នាក់ៗកាន់កាប់ជាង៨០រោងចក្រ។ ថៃ វៀតណាម និងអាមេរិក តាមពីក្រោយប្រកៀកប្រកិតគ្នា។ បើគិតពេញមួយត្រីមាសទី១នៃឆ្នាំ ២០២៤ រោងចក្របង្កើតថ្មីមានចំនួន ១៧៨ ធៀបនឹងឆ្នាំមុន កើនឡើងជិត ៩ភាគរយ ដោយមានទុនវិនិយោគជាង ២ពាន់២០០លានដុល្លារ កើនឡើងជាង ១៣ភាគរយ ធៀបនឹងពេលដូចគ្នាឆ្នាំ២០២៣។ រោងចក្រទាំងនេះត្រូវការកម្លាំងពលកម្មជាង ៥ម៉ឺននាក់ និងបានផ្តល់ចំណូលពន្ធដល់រដ្ឋអប្បរមាប្រមាណ ២០០លានដុល្លារ ក្នុង១ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។
ទន្ទឹមនឹងកំណើនរោងចក្រនៅបីខែដើមឆ្នាំនេះ, កាលពីឆ្នាំ២០២៣ មានរោងចក្រជិត១០០ បានបិទទ្វារ ហើយថ្មីៗនេះ ក៏មានការផ្ទុះការតវ៉ាពីការបិទរោងចក្រដោយសំណងយឺតយ៉ាវ។ គិតត្រឹមខែមេសាឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រកំពុងដំណើរចំនួនជាង ២ ១០០រោងចក្រ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន លើកឡើងថា ដរាបណាមានរោងចក្រថ្មីបន្តបើក វាជាសញ្ញាល្អ។ អ្វីដែលគួរឱ្យបារម្ភគឺមានតែរោងចក្របិទ មិនមានបើក៕ ដោយ៖ទួន សុផល