ព្រលានយន្តហោះសៀមរាប ភ្ជាប់ជើងហោះហើរត្រង់ប្រាំបីប្រទេស គ្រោងពង្រីកប្រាំថែម
ភ្នំពេញ៖ ក្នុងរយៈពេលបីខែដើមឆ្នាំ ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានភ្ជាប់ជើងហោះហើរត្រង់ទៅមករវាងប្រទេសចំនួនប្រាំបី រួមមាន វៀតណាម, ថៃ, ម៉ាឡេស៊ី, ឡាវ, សិង្ហបូរី, កូរ៉េខាងត្បូង និងចិន។ ការហោះហើរត្រង់នេះបានបង្កើនចំនួនជើងហោះហើរចូលព្រលានថ្មីនេះសរុប៤៤ជើង ក្នុងមួយថ្ងៃ និងមានភ្ញៀវទេសចរធ្វើដំណើរជាមធ្យមប្រហែល៤ ៥០០នាក់ ក្នុងថ្ងៃតែមួយ។
លោក ពេជ្រ សុប៉ុនតារា មន្ត្រីទទួលបន្ទុកផ្នែកអាកាសចរណ៍នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃចន្ទនេះថា អាកាសយានដ្ឋានសៀមរាបគ្រោងពង្រីកជើងហោះហើរត្រង់ទៅប្រទេសចំនួន ៥បន្ថែមទៀត មានឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ព្រុយណេ, និងឥណ្ឌា។ នៅពេលនេះមន្ត្រីអាកាសចរកំពុងចរចារជាមួយក្រុមហ៊ុនដឹកអ្នកដំណើរតាមអាកាសធំៗដូចជា ក្រុមហ៊ុន Edmonton International Airport ដែលមានមូលដ្ឋាននៅ ប្រទេសកាណាដា និង។ ក្រុមហ៊ុន Jeju Air Co., Ltd. ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបដំបូងគេ និងធំជាងគេរបស់កូរ៉េខាងត្បូង ជាដើម។ លោក ពេជ្រ សុប៉ុនតារា លើកឡើងថា ការហោះហើរត្រង់កាត់បន្ថយពេលធ្វើដំណើរ និងសន្សំថវិកាផងដែរ។

យ៉ាងណាក៏ដោយ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បាននិយាយថា ការមានជើងហោះហើរត្រង់ភ្ជាប់ប្រទេសទាំងប្រាំបីនេះ គឺមិនទាន់សមមាត្រ ជាមួយតម្លៃនៃការវិនិយោគព្រលាននៅឡើយ ។ដូច្នេះព្រលានយន្តហោះសៀមរាបអង្គរ និងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំដើម្បីទាក់ទាញភ្ញៀវទេសចរនិងជើងហោះហើរបន្ថែមទៀត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបើកទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានសាងសង់ពីឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ក្រោមកិច្ចសន្យាសាងសង់ ដំណើរការ និងផ្ទេរមកវិញដែលមានរយៈពេល ៥៥ឆ្នាំ។ ព្រលាននេះ អាចទទួលយន្តហោះធំៗគ្រប់ប្រភេទឡើងចុះបាន។
ទន្ទឹមនឹងការហោះហើរត្រង់ទៅខេត្តសៀមរាបនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏នឹងបើកជើងហោះហើរមកកម្ពុជាជាថ្មីម្តងទៀតចាប់ពីថ្ងៃទី ១ ខែឧសភាខាងមុខផងដែរ បន្ទាប់ពីបានផ្អាកដំណើរការនៅឆ្នាំ ២០២១។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ ២០២៣ កម្ពុជា មានជើងហោះហើរក្នុងស្រុកជាងបួនពាន់ជើង និងជើងហោះហើរក្រៅស្រុកចំនួនជាងបួនម៉ឺនជើង និងមានភ្ញៀវទេសចរបរទេសសរុបជាងប្រាំលាននាក់៕

ដោយ៖ឡុង គីមម៉ារីតា