សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ” សង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ” ។
ក្នុងសារលិខិតថ្វាយព្រះពររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារថា បពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ២២:២៤ នាទី ខាងមុខ ជាបឋម ក្នុងនាមសមាជិក សមាជិកាទាំងអស់ នៃព្រឹទ្ធសភា ទូលព្រះបង្គំ ជាខ្ញុំសូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការ សូមអង្គសម្តេចម៉ែជាអម្ចាស់ ជីវិតលើត្បូង ស្ដេចទ្រង់មានព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គស្ដេចគង់ប្រថាប់ជាម្លប់ដល់ប្រជាពលរដ្ឋជាកូនជា ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនត្រជាក់ត្រជំសុខដុមរមនាជាភិយ្យោភាពតរៀងទៅ។
ក្នុងទិវាជយាតិរេកអនេកប្បការនេះដែរ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជវរោកាសដ៏ខ្ពង់ខ្ពស់ថ្លែងនូវព្រះសក្ខី ភាពជាវិជ្ជមានស្រួចស្រាល់ជាអតិបរមារបស់អង្គសម្តេចម៉ែជាអម្ចាស់ ដែលបាននឹងកំពុងបំពេញព្រះរាជបូជនីយកិច្ចដ៏ ឧត្តុង្គឧត្តម សំដៅលើកកម្ពស់អត្ថិភាពជាតិ ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ព្រះមនុស្សធម៌ដោយពុំគិត ពីការហត់នឿយព្រះកាយ ឬជិនណាយសោះឡើយ។
ខណៈនេះទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភាគ្រប់រូប សូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ព្រមទាំងទេពធីតារក្សាឆ្នាំថ្មី ព្រះនាម មហោទរៈទេវី សូមអភិបាលប្រោះព្រំព្រះសព្ទសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ព្រះ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃព្រឹទ្ធសភា ៕

