សម្តេចធិបតី៖ កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ និងរហូតដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកទាំងមូល ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ពោរពេញដោយភាពចម្រូងចម្រាស ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗកាន់តែតានតឹង ដែលបង្កើតបានជាអធិករណ៍ប្រកបដោយហានិភ័យ។ តែទោះជាយ៉ាងនេះក្តី កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ប្រក្រតីភាពស្ថាប័នរដ្ឋ និងគ្រប់សកម្មភាពនៃជីវភាពសង្គម ឱ្យមានការវិវឌ្ឍទៅមុខប្រកបដោយទំនុកចិត្ត។
នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ឆ្នាំនេះ ជាឆ្នាំដំបូងនៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កាលពីខែសីហា ឆ្នាំ២០២៣ ជាពិសេសការអនុវត្តនូវកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្តែងនានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ និងការរីកដុះដាលនូវសមិទ្ធផលធំៗថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាព។
សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ពីរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។
សម្តេចធិបតីបានបន្តថា ឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ បានកន្លងផុតទៅ ដោយជំនួសមកវិញនូវឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តពីរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្មក្នុងឆន្ទៈដ៏មោះមុតបំផុត ក្នុងការបន្តកសាងប្រទេសជាតិឱ្យ មានវឌ្ឍនភាពលើគ្រប់វិស័យ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។
សម្តេចធិបតីបានបញ្ជាក់ទៀតថា សមិទ្ធផលដែលលេចធ្លោគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ការរៀបចំប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានដំណើរការប្រកបដោយជោគជ័យយ៉ាង ត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ៕
ដោយ៖ពលជ័យ





