កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម អីហ្គោ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសចូលសម្តែងការគួរសមនៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអបអរសាទរប្រារព្ធខួបលើកទី៧៤ នៃទិវាអឺរ៉ុប ពេលខាងមុខ ព្រមទាំងបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប និងដៃគូ សម្រាប់ការគាំទ្រដ៏ថ្លៃថ្លាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុបបានរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើភាពជាដៃគូយូរអង្វែង មានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ។

ក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមេសា នៅទីក្រុងព្រុចសែល នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អសម្រាប់ក្រុមការងារកម្ពុជា និងសហភាពអឺរ៉ុប ធ្វើការពិភាក្សាប្រកបដោយការស្ថាបនា សំដៅពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល រួមមាន៖ ពាណិជ្ជកម្ម និង ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធាន មនុស្ស ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ហើយក៏បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner