កម្ពុជានឹងពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ជាមួយឯកឧត្តម Yohannes Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន។
ក្នុងឱកាសចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ភាគីទាំងពីរ បានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងរបស់អាស៊ាន-សហរដ្ឋអាមេរិក និងរំលឹកឡើងវិញនូវជោគជ័យនៃការបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។ ខណៈដែលកម្ពុជានឹងទទួលតួនាទីក្នុងពេលដ៏ខ្លីខាងមុខជា ប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ (២០២៤-២០២៧) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀតនៅក្នុងភាពជាដៃគូ និងសម្រេចឱ្យបានផលប្រយោជន៍ ទៅវិញទៅមកសម្រាប់កំណើនរួមគ្នា។ ភាគីទាំងពីរ ក៏បានផ្តល់សារសំខាន់យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យា ទំនើប និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គមក្នុងតំបន់ ហើយបានប្តេជ្ញា ចិត្តក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាពជាក់ស្តែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន និងយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងការអភិវឌ្ឍនិម្មាបនកម្មតំបន់ដែលបើកចំហ ប្រកបដោយតម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអះអាងជាថ្មីអំពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈមួយចំនួនលើបញ្ហាតំបន់ និង អន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងងក្រកម្ពុជា, កក់ក្តៅជូនគណៈប្រតិភូសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់ កំណើននៅក្នុងតំបន់៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

