ថៃនិងវៀតណាមប្រាប់ពលរដ្ឋខ្លួននៅអ៊ីស្រាអែល កុំឲ្យប្រមូលផ្តុំគ្នា
បរទេស៖ ស្ថានទូតថៃនិងស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ីស្រាអែលបានណែនាំដល់ពលរដ្ឋខ្លួន ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល កុំប្រមូលផ្តុំគ្នា និងទទួលការណែនាំផ្សេងៗទៀត ក្រោយពេលដែលអ៊ីរ៉ង់បាញ់មីស៊ីល និងយន្តហោះដ្រូន វាយប្រហារ លើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។
យោងតាមគេហទំព័រ VNP បានចេញផ្សាយថា ស្ថានទូតវៀតណាមបានឃ្លាំមើលជាប្រចាំ លើស្ថានភាពពលរដ្ឋវៀតណាម នៅទីនោះ។ ស្ថានទូត បានណែនាំឲ្យប្រជាពលរដ្ឋខ្លួន នៅឆ្ងាយពីតំបន់ជម្លោះ ជាបណ្តោះអាសន្ន, តាមដានព័ត៌មានអំពីស្ថានភាពជាប់ជាប្រចាំ, អនុវត្តវិធានការសុវត្ថិភាពជាចាំបាច់, គោរពតាមបទបញ្ជារបស់អាជ្ញាធរមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ និង ចៀសវាងការជួបជុំគ្នាច្រើន និងកំណត់ការធ្វើដំណើរ។ ប្រភពបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ពុំមានពលរដ្ឋវៀតណាមណាម្នាក់រងគ្រោះថ្នាក់ នៅឡើយទេ។
រីឯកាសែត The Nation របស់ថៃ បានចុះផ្សាយថា ស្ថានទូតថៃប្រចាំប្រទេសអ៊ីស្រាអែលបានចេញគោលការណ៍ណែនាំសន្តិសុខ សម្រាប់ពលរដ្ឋថៃ ចាប់ពីម៉ោង១១យប់ ថ្ងៃទី១៣ ខែមេសា ដល់ម៉ោង១១យប់ថ្ងៃទី១៥ ខែមេសា។ ស្ថានទូតបានប្រាប់ថា ការប្រមូលផ្តុំមនុស្សលើសពី ១០០០នាក់ ត្រូវបានហាមឃាត់ ហើយស្ថាប័នអប់រំទាំងអស់ត្រូវបានបិទ។ នៅតំបន់មានជម្លោះ ការប្រមូលផ្តុំមនុស្សលើសពី ៣០នាក់ មិនត្រូវបានអនុញ្ញាតឲ្យមាននោះទេ។ នៅឯកន្លែងធ្វើការវិញ ត្រូវបានណែនាំ កុំឲ្យធ្វើការនៅកន្លែងណា ដែលពុំមានជម្រកត្រឹមត្រូវ ជាដើម។
ស្ថានទូតថៃ និងវៀតណាម ប្រចាំអ៊ីស្រាអែល ថែមទាំងបានបង្ហាញលេខ Hotline ដល់ពលរដ្ឋខ្លួន ទាក់ទង សម្រាប់ការអន្តរាគមន៍ណាមួយទៀតផង៕ ប្រភពពី The Nation និង VNP ប្រែសម្រួល៖ សារ៉ាត