ប្រធានរដ្ឋនៃប្រទេសឡាវគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ (Video Inside)

ប្រធានរដ្ឋនៃប្រទេសឡាវលោក ថងលុន ស៊ីសូលីត ដែលជាប្រធានសមាជិកគណៈកម្មការ ទន្លេមេគង្គ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ។

ប្រសាសន៍បញ្ជាក់ការគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសកម្ពុជារវាងពីថ្ងៃទី២៣ ដល់២៤មេសា តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃដំបូង ប្រមុខរដ្ឋនៃប្រទេសឡាវ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា។

គម្រោងព្រែកជីកហ្វូណន-តេជោ តម្លៃ ១ពាន់ ៧០០លានដុល្លារ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកយកមកជជែកគ្នា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមរៀបរាប់ថា «បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេចតេជោរួចមកជុំវិញគំរោងព្រែកជីកតេជោ-ហ៊្វូណននោះរួចមក, ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដោយគ្មានភាពអល់ឯកឡើយ»។

សម្តេចតេជោបានថ្លែងប្រាប់ប្រមុខរដ្ឋឡាវថា ព្រែកជីកហ៊្វូណន-តេជោ ដើរតួនាទីសំខាន់ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេទៅកាន់សមុទ្រកម្ពុជា…ហើយគំរោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថាន ឬរំហូរទឹកទន្លេមេគង្គនោះឡើយ។

ការគាំទ្ររបស់ឡាវ គឺជាផ្នែកមួយដ៏សំខាន់ ត្បិតឡាវ គឺជាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ បើសិនជាមានការទាមទារឱ្យមានការសម្រេចណាមួយ ពីបណ្តាប្រទេសតាមដងទន្លេមេគង្គជុំវិញរឿងសំណង់ព្រែកជីកហ៊្វូណន-តេជោនោះ។

គម្រោងព្រែកជីកហ៊្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ads banner