បាតុភូតកម្តៅ El Nino ថយចុះក្រោយខែមេសា (Video Inside)
បាតុភូតកម្តៅអែលនីញ៉ូ El Nino បង្កភាពក្តៅរាំងស្ងួតហួតហែង នឹងត្រូវថយចុះបន្តិចម្តងៗវិញ ចាប់ពីខែឧសភា ដល់មិថុនា។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីខែឧសភា និងមិថុនា បាតុភូតកម្តៅអែលនីញ៉ូ នឹងស្ថិតនៅប្រមាណ ១០ភាគរយ រីឯបាតុភូត Enso-Neutral នឹងកើនឡើង៨៣ភាគរយ។
បាតុភូត ENSO ដែលជាបាតុភូត មួយស្ថិតក្នុងចន្លោះកណ្តាល នៃភាពត្រជាក់ និងភាពក្តៅ។ ការថយចុះនៃបាតុភូតកម្តៅ និងការឈានចូលមកដល់នៃបាតុភូត ENSO នឹងធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លះ ក្នុងដើមរដូវវស្សា ចាប់ពីថ្ងៃទី១ឧសភា ដល់៣០មិថុនា។
នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទកម្ពុជា សីតុណ្ហភាពមធ្យមអប្បបរមា នឹងស្ថិតក្នុងកម្រិត ២៦អង្សាសេ, សីតុណ្ហភាពក្តៅអតិបរមាធ្លាក់មកនៅត្រឹម ៣៦អង្សាសេ។ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី ៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹក ដល់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើនផងដែរ។