ខ្មែរ-បរទេសបោះទុនជាង ២០០លានដុល្លារ សង្គ្រោះអគារ និងបង្កើតកន្លែងកម្សាន្តថ្មីនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ វិនិយោគគិនខ្មែរ និងបរទេស បានសម្រេចបោះទុនសរុប២១៣លានដុល្លារតាមរយៈគម្រោងធំៗសរុបចំនួន១៤ ក្នុងនោះមាន១០គម្រោងដើម្បីសង្គ្រោះអគារដែលត្រូវបានបោះបង់ចោលនៅខេត្តព្រះសីហនុ និងបួនគម្រោងទៀតសម្រាប់សាងសង់សណ្ឋាគារ កាស៊ីណូ អគារស្នាក់នៅ ការិយាល័យ និងកន្លែងកំសាន្តថ្មីៗនៅតាមតំបន់ឆ្នេរ។
ទន្ទឹមនឹងនោះ ខេត្តនេះក៏នឹងមានរោងចក្រលាយបេតុង រោងចក្រផលិតក្រដាសកេសកាតុង និងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម បន្ថែមទៀតផងដែរ។ គម្រោងទាំងនេះត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញនេះនៅក្នុងកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងទាំង១៤ស្ថិតក្នុងចំណោមគម្រោងសរុប២៧ដែលអាចទទួលបានការលើកទឹកចិត្តស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ចាប់ផ្តើមអនុវត្តពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤នេះមក។ ការលើកទឹកចិត្តរួមបញ្ជូលការលើកលែងពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល៣ឆ្នាំបន្ថែម ការលើកលែងអាករលើតម្លៃបន្ថែម និងការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ ជាដើម។
បណ្ឌិត ហ៊ាន សាហ៊ីប ប្រាប់ថាក្រុមការងាររបស់លោកកំពុងពិនិត្យគម្រោង១២ផ្សេងទៀត។ ក្រៅពីនោះ ខេត្តព្រះសីហនុក៏កំពុងសិក្សាកំណត់តំបន់អភិវឌ្ឍន៍ រៀបចំទិដ្ឋាការរយៈពេលវែងដើម្បីទាក់ទាញអ្នកវិនិយោគ និងពង្រឹងតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ បច្ចុប្បន្នមាន១២ ដែលក្នុងនោះ កំពុងដំណើរការចំនួន៣ ហើយមានរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៧៧ និងមានកម្មករនិយោជិតចំនួន៣៤ ២២៧នាក់ កំពុងបម្រើការ ក្នុងនោះបរទេសចំនួន ២០០៧នាក់។
ប៉ុន្តែ បើទោះបីជានៅជាប់កំពង់ផែដែលជាច្រកចេញទំនិញទៅទីផ្សារអន្តរជាតិក៏ដោយ តំបន់សេដ្ឋកិច្ចពិសេសនៅព្រះសីហនុមិនទាន់សកម្មខ្លាំងទេ។ ការវិនិយោគភាគច្រើនដែលផ្ទុះខ្លាំងមុនកូវីដ និងជំរុញដោយជនជាតិចិននោះគឺផ្តោតច្រើនលើសណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅ នៅកណ្តាលក្រុង។ វិបត្តិកូវីដ ភាពថមថយនៃសេដ្ឋកិច្ចចិន និងការប្រែប្រួលគោលនយោបាយផ្ទៃក្នុងរបស់ចិនក្នុងការវិនិយោគនៅបរទេស បានធ្វើឲ្យខេត្តព្រះសីហនុជួបវិបត្តិអគារជាប់គាំង៕
ដោយៈទួន សុផល