សហគ្រិនខ្មែរបើកសម្ពោធកម្មវិធី សហគ្រិនបាត់ដំបងវគ្គបណ្តុះបណ្តាលអាជីវកម្មដំបូងរដូវកាលទី៥ និងទី៦
ភ្នំពេញ ៖ សហគ្រិនខ្មែរ ភូមិអ៊ីមផេកបាត់ដំបង អ៊ីមផេកហាប់ភ្នំពេញ និងអង្គការ វីអេសអូ កម្ពុជា បានប្រកាសសម្ពោធជាផ្លូវការកម្មវិធី សហគ្រិនបាត់ដំបងវគ្គបណ្តុះបណ្តាលអាជីវកម្មដំបូងរដូវកាលទី៥ និង៦ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
កម្មវិធីសហគ្រិនបាត់ដំបងនេះ ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្ម ក្នុងគោលបំណងពង្រឹងសម្ថតភាពយុវជនក្នុងខេត្តបាត់ដំបងក្នុងការចាប់ផ្តើមអាជីវកម្មដែលចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន។ ក្នុងរយៈពេល ៣ខែនេះ តម្រូវឲ្យអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្តែង ហើយកសាងគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដោយមានការណែនាំពីជំហានលំអិតនីមួយៗស្របពេលមានការប្រឹក្សា យោបល់ពីអ្នកជំនាញ។ កម្មវិធីសិក្សាក៏មានរួមបញ្ចូល ទស្សនៈសិក្សា និង ធ្វើបទបង្ហាញជាសាធារណៈអំពីគំនិតអាជីកម្ម នៅពេលបិទបញ្ចប់វគ្គ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាឱកាសមួយនៅក្នុងការប្រមូលផ្ដុំភាពវៃឆ្លាតរបស់យុវជនកម្ពុជា ដើម្បីជួយជ្រោមជ្រែងនិងគាំទ្រយុវជននៅក្នុងខេត្តបាត់ដំបង ក្នុងការអភិវឌ្ឍជំនាញសហគ្រិនរបស់ពួកគេ។ ឯកឧត្តមបន្តថា កម្មវិធីនេះដែរ ក៏ជាកតាលីករនៅក្នុងការជួយបញ្ចូនគំនិត និងថាមពលយុវជនឱ្យក្លាយចេញជារូបរាងផ្ដួចផ្ដើមអាជីវកម្មជោគជ័យ ដែលនឹងមានផលប្រយោជន៍រួមសម្រាប់សហគមន៍មូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការជំរុញស្មារតីសហគ្រិនភាព ក្នុងនាមជាស្ថាប័នមួយដែលឈានមុខគេ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមបន្តថា សហគ្រិនខ្មែរជឿជាក់ថា ទេពកោសល្យនៃការធ្វើអាជីវកម្ម និងគំនិតអាជីវកម្មល្អៗមាននៅគ្រប់ទីកន្លែង ហើយការបង្វែរការគាំទ្រឲ្យបានទៅដល់យុវជននៅតាមខេត្តដែលមានសក្កានុពល ដូចជាខេត្តបាត់ដំបងជាដើម គឺមានសារៈសំខាន់ណាស់។ ឯកឧត្តមបន្ថែមថា កម្មវិធីនេះ នឹងបំផុសគំនិតដំបូងគេបង្អស់ ដែលរៀបចំឡើងដើម្បី គាំទ្រដល់យុវជននៅកម្រិតសាកលវិទ្យាល័យនៅតាមខេត្ត និងជាគំរូដ៏ល្អមួយក្នុងស្រុកដែលបង្កើតចេញពីខេត្តបាត់ដំបងផ្ទាល់។

សូមបញ្ជាក់ថា កម្មវិធីសហគ្រិនបាត់ដំបងវគ្គបណ្តុះបណ្តាលអាជីវកម្មដំបូងរដូវកាលទី៥ និង៦ កើតចេញពីគំនិតផ្ដួចផ្ដើម និងគាំទ្រដោយពីសហគ្រិនខ្មែរ ជាស្ថាប័នបង្កើតដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុទៅដល់សហគ្រិន ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យអាទិភាពទាំង៤ដែលរួមមាន វិស័យព័ត៌មានវិទ្យា, វិស័យសេវាកម្ម, វិស័យកសិកម្ម, និងវិស័យកម្មន្តសាល។
តាមរយៈកម្មវិធីស្នូលចំនួន៤ រួមមាន៖ ១.ផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពនៅក្នុងចំណោមយុវជន និងសិស្សានុសិស្ស ដើម្បីអភិវឌ្ឍសហគ្រិនជំនាន់ថ្មី , ២.លើកកម្ពស់សមត្ថភាពសហគ្រិន ចាប់ពីដំណាក់កាលបណ្តុះគំនិត (ideation) រហូតដល់ការពង្រីកធុរកិច្ចក្នុងស្រុក និងអន្តរជាតិ , ៣.កសាងបណ្តាញទំនាក់ទំនងធុរកិច្ចរវាងវិស័យសាធារណៈ វិស័យឯកជន វិនិយោគិន ដៃគូអភិវឌ្ឍ សាកលវិទ្យាល័យ និងសមាគមន៍ធុរកិច្ច និង៤.កម្មវិធីផ្តល់ការគាំទ្រមូលនិធិដើមទុន និងកញ្ចប់ជំនួយដែលជាយន្តការអនុវត្តរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SME) និងធុរកិច្ចថ្មី (Startup) ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩៕


អត្ថបទ: ឈឹម ទីណា