សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបង្កើតរោងចក្រ ដំឡើងរថយន្តតូយូតា ជានិមិត្តរូបនៃការបន្តរួបរួមរបស់ជប៉ុន ក្នុងដំណើរអភិវឌ្ឍន៍កម្ពុជា

(ភ្នំពេញ)៖ ការបង្កើតរោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង គឺជានិមិត្តរូបនៃការបន្តរួបរួមរបស់ប្រទេសជប៉ុន ក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អពិសេសមួយ សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានមួយទៀត សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។

សម្តេចធិបតី បានបន្តថា ការវិនិយោគក្រុមហ៊ុនតូយ៉ូតា គឺជាអ្វីដែលកម្ពុជាចង់បាន ហើយតាមរយៈដំណើរការ នៃរោងចក្រដំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាព រីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារ ប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ ថែមទៀតលើជំនាញវិស្វកម្មរថយន្តសម្រាប់ប្រជាជនកម្ពុជាផងដែរ។

សម្តេចបញ្ជាក់ថា ការទាក់ម៉ូយវិនិយោគិនបរទេសមកថ្មី ជាកិច្ចការសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ គឺធ្វើឱ្យអ្នកដែល វិនិយោគនៅកម្ពុជា មានភាពជោគជ័យ មានភាពកក់ក្តៅ ហើយពង្រីកការវិនិយោគកាន់តែច្រើនទៀតនៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការវិនិយោគបែបនេះ គឺជាអ្វីដែលកម្ពុជាចង់បាន និមិត្តរូបរបស់ក្រុមហ៊ុនតូយ៉ូតា ដែលចូលមកកម្ពុជា តាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមសេវានៅឆ្នាំ១៩៩៣ មានរយៈជាង៣០ឆ្នាំ ដែលចាប់ផ្តើមពីក្រុមហ៊ុន ផ្តល់ត្រឹមតែសេវាជួសជុល ឈានទៅដល់ការបង្កើតរោងចក្រ បង្គុំ និងផលិត, នេះហើយជានិមិត្តរូប ដែលកម្ពុជាចង់បាន ហើយសូមអរគុណចំពោះក្រុមហ៊ុនតូយ៉ូតា ដែល បានសម្រេចចិត្តធ្វើបែបនេះ ។

ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកបានគាំទ្រ និងស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាល នៃការវិវត្តនិងការអភិវឌ្ឍសង្គម នយោបាយ របស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានថ្លែងបន្តថា ជាពិសេស ជាង៣០ឆ្នាំកន្លងមកនេះ ជប៉ុន គឺជាប្រទេស ដែលបានផ្តល់ជំនួយដ៏ធំមកកម្ពុជា និងជាប្រទេស ដែលបានខិតខំកៀរគ ជ្រោមជ្រែង និងប្រមូលវិនិយោគិនជប៉ុន ជាបន្តបន្ទាប់ ឱ្យមកបោះទុននៅកម្ពុជា ។

សម្ដេចបញ្ជាក់ថា ប្រទេសជប៉ុន ជាប្រទេសដែលផ្តល់ជំនួយឧបត្ថម្ភ ទាំងថវិកា និងបច្ចេកទេស ច្រើនជាងគេនៅក្នុងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្រ្គាមជាង ២ទសវត្សរ៍ មកជាប្រទេស ដែលវិនិយោគកើនឡើងឥតឈប់ឈរជាបន្តបន្ទាប់។

សម្តេចធិបតី បានបន្ថែមថា កម្ពុជា ជាប្រទេសទី១ ដែលទទួលវត្តមានទ័ពជប៉ុន នៅក្រៅប្រទេស ក្នុងបេសកកម្មរក្សាសន្តិភាព បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយជប៉ុន បានប្រែក្លាយពីប្រទេសដែលផ្តួចផ្តើម ផ្តល់ជំនួយអន្តរជាតិមកកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការបង្កើតរោងចក្រនៅទីនេះ គឺជានិមិត្តរូបនៃការបន្តរួបរួម របស់ប្រទេសជប៉ុន នៅក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងដំណាក់កាលដ៏លំបាកដែលជប៉ុន បានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner