នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវប្រព័ន្ធផ្សព្វផ្សាយជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវប្រព័ន្ធផ្សព្វផ្សាយជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាងកងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ការអំពាវនាវនេះ ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ត្រូវបានតែងតាំងជាបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន។ តាមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ពិធីនាពេលនេះ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍៤ជាគន្លឹះ (នោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិនដែលដល់អាយុ ៦០ឆ្នាំ ហើយដាក់ឱ្យចូលនិវត្តន៍ ថែមទៀតផង)៖
១-ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
២-រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ
៣-ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
៤-ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។

លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណៈសម្បត្តិ៤យ៉ាងគឺ៖
១-សុខភាពល្អ កាយសប្បទាមាំមួន
២-មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ
៣-មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន
៤-ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន៕
ដោយ៖ពលជ័យ

ads banner