សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សម្តេចធិបតីបានបញ្ជាក់ថា ច្បាប់ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យ មុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។
ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដារប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។ ទន្ទឹមនេះ ការយកចិត្ត ទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់ ដែលក្នុងន័យនេះ ខ្ញុំសូមគាំទ្រលើទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ស្តីពី ការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះ ស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋានកំណែទម្រង់របស់ខ្លួន៕
ដោយ៖ពលជ័យ



