អ្នកស្រុកអង្គរបួងសួងសុំទឹកភ្លៀង រំដោះគ្រោះទុរ្ភិក្ស
ភ្នំពេញៈទន្ទឹមនឹងការរង់ចាំភ្លៀងធ្លាក់យ៉ាងអន្ទះសារ អ្នកស្រុកអង្គរធំនៃខេត្តសៀមរាប បានងាកទៅរកទំនៀមទម្លាប់បុរាណ ដើម្បីទប់ទល់នឹងអាកាស ធាតុក្តៅហួតហែង និងគ្រោះរាំងស្ងួតដ៏កំណាចដែលអាចកើតមាន។ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ពួកគេបានជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីរៀបចំពិធីបួងសួងសុំទឹកភ្លៀងតាមប្រពៃណី ដែលមានការចូលរួមផងដែរពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្តែ អ្នកតាមដានសង្គមថា នេះជាជំនឿដែលមិនអាចក្លាយជាការពិត។
លោក អ៊ឹម សឺន វ័យ៨៦ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យមួយរូបក្នុងតំបន់អង្គរ។ លោកបានប្រាប់ទូរទស្សន៍អប្សរាថា ឆ្លងកាត់បួនសម័យកាលក្នុងតំបន់អង្គរ លោកមិនធ្លាប់ជួបអាកាសធាតុក្តៅហួតហែងដូចឆ្នាំនេះទេ។ លោកមានជំនឿថា បារមីនៅប្រាសាទនាគព័ន្ធអាចជួយឲ្យមានភ្លៀងធ្លាក់ ដោយសំអាងថា ភូមិរបស់លោកធ្លាប់បន់ស្រន់សុំទឹកភ្លៀងដែរនាពេលកន្លងមក។
ក្រៅពីនៅប្រាសាទនាគព័ន្ធ ពិធីសុំទឹកភ្លៀងនេះត្រូវបានរៀបចំផងដែរនៅតំបន់ផ្សេងៗមួយចំនួនទៀតនៅខេត្តសៀមរាប ដែលជាប្រមូលផ្តុំដោយប្រាសាទបុរាណ វប្បធម៌ និងសាសនា។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានប្រាប់ទូរស្សន៍អប្សរាថា អ្នករលស់ខាងស្រុកប្រាសាទបាគងក៏ប្រមូលគ្នាបួងសួងដែរទៅតាមពេលវេលាដែលពួកគេកំណត់។
លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រវត្តិវិទូខ្មែរ និងជាប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានអប់រំអន្តរជាតិ បានប្រាប់ទូរទស្សន៍អប្សរាថា នេះជាជំនឿតគ្នា ជាពិសេសនៅពេលជួបគ្រោះទុរភិក្ស ឬហេតុការណ៍អ្វីមួយ។ ដូចគ្នាដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ថា អបិយជំនឿនេះអាចជួយដល់ផ្លូវចិត្តរបស់ពលរដ្ឋឱ្យមានសង្ឃឹម ប៉ុន្តែតាមវិទ្យាសាស្ត្រពិត ការបន់ស្រន់មិនអាចជួយអ្វីបានទេ ព្រោះហេតុដែលបណ្តាលឱ្យភ្លៀង អាស្រ័យលើបាតុភូមិវិទ្យាដែលមានអ៊ីត្រូសែន និងអ៊ុកស៊ីសែនជួបគ្នា ទើបបណ្តាលឱ្យមានភ្លៀង។
លោកបណ្ឌិត ស៊ន សំណាង លើកឡើងថា អ្វីដែលត្រូវការសំខាន់គឺនៅទូទាំងប្រទេសមានប្រព័ន្ធធារាសាស្ត្រទឹកស្រោចស្របគ្រប់គ្រាន់ នោះអ្នកស្រុកនឹងមិនពឹងលើអ្នកតាបន្តទៀតនោះទេ។ យោងតាមក្រសួងធនធានទឹក និងឧត្តុនិយម ប្រទេសកម្ពុជារំពឹងមានភ្លៀងចាប់ពីថ្ងៃទី២នេះទៅ។ ប៉ុន្មានថ្ងៃនេះ តំបន់ដែលមានជម្រកព្រៃឈឺក្រាស់ ដូចជា ភូមិភាគឦសាន្តជាច្រើន ចាប់ផ្តើមមានភ្លៀងខ្លះដែរ៕
ដោយៈឡុង គីមម៉ារីតា
