ចិនអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបន្ធូរបន្ថយទណ្ឌកម្មខ្លះៗលើកូរ៉េខាងជើង

ចិន៖ ក្នុងអំឡុងជំនួបទ្វេភាគីនៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុនកាលពីសប្តាហ៍មុននេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានស្នើឲ្យសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ ដកទណ្ឌកម្មខ្លះៗចេញពីប្រទេសកូរ៉េខាងជើង។
 
ដោយឡែករដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នាថ្ងៃអង្គារសប្តាហ៍នេះ បានប្រាប់អ្នកសារព័ត៌មានថា នាឱកាសជួបមុខគ្នានៅ G20 លោក ស៊ី បានជំរុញឲ្យសហរដ្ឋអាម៉េរិកបង្ហាញភាពបត់បែនខ្លះៗចំពោះបញ្ហាកូរ៉េខាងជើង រួមមានការបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង និងការព្យាយាមរកដំណោះស្រាយសម្រាប់ក្តីកង្វល់របស់ភាគីទាំងពីរ តាមរយៈកិច្ចចរចា។

សូមរំលឹកថា ក្រោយចូលរួមកិច្ចប្រជុំ G20 និងជួបលោក ស៊ី ហើយនៅជប៉ុន លោក ត្រាំ ក៏បានទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ហើយស្កាត់ជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រំដែនអន្តរកូរ៉េថែមទៀត។ តាមរយៈជំនួបនេះ លោក ត្រាំ និង លោក គីម ព្រមឯកភាពគ្នាបន្តកិច្ចចរចាកម្រិតការងារ ស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើងវិញ ខណៈចិនក៏បានចេញមុខស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះដំណើរការវិវឌ្ឍនេះដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner