សហរដ្ឋអាម៉េរិកគ្រោងយកពន្ធលើទំនិញអឺរ៉ុប ដែលគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ
សហរដ្ឋអាម៉េរិក៖ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានចេញផ្សាយនូវបញ្ជីឈ្មោះផលិតផលជាច្រើនរបស់សហភាពអឺរ៉ុប ដែលអាចនឹងជាប់កាតព្វកិច្ចពន្ធសហរដ្ឋអាម៉េរិក ដោយសារតែជម្លោះរវាងក្រុមហ៊ុន ប៊ូអ៊ីង និងក្រុមហ៊ុន អ៊ែរប៊ស់។
ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានបញ្ជាក់ថា ការជួយទំនុកបម្រុងរបស់សហភាពអឺរ៉ុបដល់ក្រុមហ៊ុន អ៊ែរប៊ស់ បានធ្វើឱ្យសហរដ្ឋអាម៉េរិកខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំ១១ពាន់លានដុល្លារ ខណៈអង្គការពាណិជ្ជកម្មពិភពលោក WTO កំពុងស៊ើបអង្កេតលើបញ្ហា ថាតើសហភាពអឺរ៉ុបពិតជារំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិដែរ ឬទេ? ហើយជាមួយគ្នានេះ ខាងក្រុមហ៊ុនអ៊ែរប៊ស់ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា លួចជួយក្រុមហ៊ុន ប៊ូអ៊ីង ដូចគ្នាផងដែរ។
គួរបញ្ជាក់ថា ផលិតផលនៅក្នុងបញ្ជីឈ្មោះរបស់សហភាពអឺរ៉ុបខាងលើ មានតម្លៃជិត៤ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងផលិតផលតដូចជា ផ្លែបឺរី សាច់ ឈីស ប្រេងអូលីវ ប៉ាស្ដា ស្រាវីស្គី និងលោហៈ ដែលគិតជាសរុបមានប្រហែល៨៩មុខ។ ការចេញផ្សាយបញ្ជីនេះដែរ ក៏បានបូកបន្ថែមថ្មីមួយទៅក្នុងបញ្ជីផលិតផលមានតម្លៃ២១ពាន់លានដុល្លារ ដែលសហរដ្ឋអាម៉េរិកបានប្រកាសយកពន្ធកាលពីខែមេសាកន្លងទៅ៕ម.ន