វៀតណាមសម្លាប់សត្វជ្រូកជិត៣លានក្បាល ស្របពេលជំងឺប៉េស្តជ្រូកអាហ៊្វ្រិក នៅតែបន្តរីករាលដាលធ្ងន់
វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍ថា ជំងឺប៉េស្តជ្រូកអាហ៊្វ្រិកហៅកាត់ថា ASF បានវាយលុកស្ទើរគ្រប់ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេស ក្នុងគ្រាដែលសត្វជ្រូកជាង២,៨៤លានក្បាល ឬស្មើនឹង១០,៣ភាគរយនៃចំនួនសត្វជ្រូកទាំងអស់នៅក្នុងប្រទេស ត្រូវអាជ្ញាធរយកទៅសម្លាប់ចោល ដើម្បីបង្ការការឆ្លងរាលដាល។
ប្រភពខាងលើបានឱ្យដឹងទៀតថា ដោយសារតែការខ្វះខាតសាច់ជ្រូក ដែលនឹងកើតឡើងដោយជៀសមិនផុតក្នុងឆ្នាំនេះ ពីព្រោះតែជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនោះ ប្រទេសវៀតណាមនឹងផ្តោតទៅបង្កើនការចិញ្ចឹមគោ មាន់ ទា និងបង្កាត់ពូជត្រីវិញ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាដ៏តានតឹងមួយនេះ។
សូមបញ្ជាក់ផងដែរថា ជំងឺបេស្តជ្រូកអាហ៊្វ្រិក ASF មិនប៉ះពាល់ដល់សុខភាពមនុស្សយើងទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ខ្លាំងក្នុងចំណោមសត្វជ្រូកដែលអាចឆ្លងរាលដាល តាមរយៈសត្វជ្រូកងាប់ ឬនៅរស់ ឬក៏ផលិតផលសាច់ជ្រូក។ បច្ចុប្បន្នខេត្តក្រុងទាំងជាង៦០របស់វៀតណាម ស្ទើរតែផ្ទុះជំងឺដ៏កាចសាហាវនេះទាំងអស់ទៅហើយ ក្នុងនោះរួមទាំងរដ្ឋធានីហាណូយផងដែរ៕ម.ន