អគ្គលេខាធិការរង គ.ជ.ប៖ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ អ្នកបោះឆ្នោតគឺជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង
ភ្នំពេញ៖ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ អ្នកបោះឆ្នោតគឺជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង។ សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
ជូនដល់ប្រធាន គធ.ខប សមាជិក គធ.ខប និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
អគ្គលេខាធិការរង គ.ជ.ប បានបន្តថា មណ្ឌលបោះឆ្នោតត្រូវបានរៀបចំតាមរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន២០៩ ការិយាល័យ ហើយដើម្បីបោះឆ្នោតបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ នៅក្នុងមុខ តំណែង ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬប័ណ្ណសម្គាល់ខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។

ឯកឧត្តម ម៉ុក ដារ៉ា បានបន្តទៀតថា ផ្អែកតាមប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ យើងបានបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត និងតាមមណ្ឌលបោះឆ្នោតរួចរាល់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ រីឯការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក៏យើងបានសម្រេច ទទួលស្គាល់រួចហើយដែរ ដោយមានការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ យើងនៅសល់ដំណាក់កាល ២ទៀត គឺការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត។
អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខទទួលបានលទ្ធផលល្អប្រសើរ ចាំបាច់ ឱ្យមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលកំពុងមានវត្តមាន ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចិត្តទុកដាក់ ស្វែងយល់ ច្បាប់ ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី បទប្បញ្ញត្តិ សេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានពេញលេញ ដោយមិនត្រូវអវត្តមានឡើយ ប្រសិនបើមិនមានការចាំបាច់ ហើយត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងកត់ត្រានូវរាល់ចំណុចសំខាន់ៗនៃមេរៀននីមួយៗ ព្រមទាំងលើកជាសំណួរ ចំពោះចំណុចណា ដែលមានភាពមិនច្បាស់លាស់ ដើម្បីឱ្យគ្រូឧទ្ទេសដែលជាមន្រ្តីជំនាញ ឬថ្នាក់ដឹកនាំអង្គភាព ជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ធ្វើការបំភ្លឺបន្ថែមជូន ចៀសវាងការយល់ខុស ឬយល់មិនច្បាស់ដោយប្រការណាមួយ ដែលនាំឱ្យពេលអនុវត្តជាក់ស្តែងមិនបានល្អត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

