អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ រឿងចាប់ខ្លួនសកម្មជននិងថ្នាក់ដឹកនាំគណបក្សនយោបាយ

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលថា ការចាប់ខ្លួនសកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនយោបាយសុទ្ធតែជារឿងនយោបាយនោះ វាមិនមានលក្ខណៈវិទ្យាសាស្ត្រនោះទេ ប៉ុន្តែវាគឺជាទម្លាប់របស់ពួកគេទៅហើយ ដែលតែងតែភ្ជាប់ករណីព្រហ្មទណ្ឌទៅជារឿងនយោបាយ ដើម្បីសម្រាលនូវស្ថានការណ៍ ហើយដាក់បន្ទុកស្ថានការណ៍មកលើរាជរដ្ឋាភិបាល។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា “យើងត្រូវបែងចែកឱ្យបានដាច់ស្រឡះរវាងនយោបាយ ហើយនឹងបទល្មើសព្រហ្មទណ្ឌ បើសកម្មភាព បើអំពើរបស់អ្នកណាម្នាក់ចូលទៅជាបទល្មើសព្រហ្មទណ្ឌ គេត្រូវអនុវត្តតាមនីតិវិធី ហើយនឹងច្បាប់ព្រហ្មទណ្ឌហើយ វាមិនមែនជារឿងនយោបាយទេ។ បើនិយាយភ្ជាប់មករឿងនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចក្នុងពិភពលោក សុទ្ធតែជារឿងនយោបាយទាំងអស់ ពីព្រោះជាង ៩០% របស់ប្រជាជាតិ របស់ប្រជាពលរដ្ឋ គឺសុទ្ធតែចូលជាសមាជិកគណបក្សនយោបាយណាមួយ។ បើបុគ្គល “ក” ទៅប្រព្រឹត្តបទល្មើស ហើយត្រូវនគរបាលចាប់ខ្លួន ត្រូវគេប្តឹងផ្តល់ ឬត្រូវតុលាការចាត់នីតិវិធី នាំគ្នាទាញមកជួសរឿងនយោបាយអស់ នគរបាលយុត្តិធម៌មិនបាច់ធ្វើការអីទេ តុលាការមិនបាច់ធ្វើការងារអីទេ ហើយយើងលុបច្បាប់ទាំងអស់ឱ្យទៅជាសម័យបុព្វកាលវិញទៅ។ សូមកុំផ្សារភ្ជាប់ក្នុងន័យអវិជ្ជមាន ដើម្បីសម្រាលបន្ទុកខ្លួន ដើម្បីទម្លាក់បន្ទុកមកលើតួអង្គរាជរដ្ឋាភិបាល ឬក៏តុលាការធ្វើឱ្យមានការភាន់ច្រឡំ។ គួរតែទទួលស្គាល់នៅអ្វីដែលយើងធ្វើសកម្មភាពឈានចូលទៅកម្រិតនៃបទល្មើសព្រហ្មទណ្ឌ”។ សូមជម្រាបថា សកម្មជន និងថ្នាក់ដឹកនាំគណបក្សនយោបាយដែលសមត្ថកិច្ចចាប់ខ្លួន គឺដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសខុសនឹងច្បាប់៕
ដោយ៖ពលជ័យ

ads banner