កូរ៉េខាងត្បូងចាយ ៧ពាន់លានដុល្លារ គាំទ្រឧស្សាហកម្មបន្ទះឈីប

សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើតកញ្ចប់ជំនួយជាង ៧ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន។

គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមការសន្យារបស់កូរ៉េខាងត្បូងកាលពីឆ្នាំមុន ក្នុងការសាងសង់មជ្ឈមណ្ឌលបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដោយប្រើការវិនិយោគឯកជនចំនួន ២៤០ពាន់លានដុល្លារ ពីក្រុមហ៊ុន Samsung Electronics។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំកញ្ចប់ជំនួយជាង ៧.២ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សម្ភារៈដែលធ្វើពីបន្ទះសៀគ្វី និងឧបករណ៍ផលិតនៅក្នុងគ្រប់វិស័យទាំងអស់នៃឧស្សាហកម្មបន្ទះឈីប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង។

ការវិនិយោគនេះកើតឡើងនៅពេលដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ របស់អាស៊ីមួយនេះ មានបំណងវិនិយោគកាន់តែខ្លាំងលើបច្ចេកវិទ្យាសំខាន់ៗចំនួន៦ រួមទាំងបន្ទះឈីប អេក្រង់ និងថ្ម។ កូរ៉េខាងត្បូងគឺជាប្រទេសដែលផលិតបន្ទះឈីបអង្គចងចាំធំជាងគេចំនួនពីររបស់ពិភពលោក គឺ Samsung និង SK Hynix។

បន្ទះឈីប គឺជាការនាំចេញឈានមុខគេរបស់កូរ៉េខាងត្បូង ហើយឈានដល់ ១១.៧ពាន់លានដុល្លារក្នុងខែមីនា ដែលជាកម្រិតខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលជិតពីរឆ្នាំ ដែលស្មើនឹងមួយភាគប្រាំនៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម៕

ប្រភព៖ AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner