រថយន្តកូរ៉េដឹកស៊ីម៉ង់ត៍ បុករះម៉ូតូ៩គ្រឿង និងកង់បីឥណ្ឌា១គ្រឿង នៅខណ្ឌសែនសុខ
ភ្នំពេញ៖ រថយន្តកូរ៉េដឹកសុីម៉ង់ត៍មួយគ្រឿង បើករេចង្កូតជ្រុលទៅបុករះម៉ូតូ ចតទុកមុខហាងដួលរណូករណែល រងការខួចខាតចំនួន៩គ្រឿង និងកង់បីឥណ្ឌាមួយគ្រឿង ហើយរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែគ្មានអ្នករងរបួសនោះទេ កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពនៅកន្លែង មុនកើតហេតុ រថយន្តកូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2S-3904 ដឹកសុីម៉ង់ត៍ពេញរថយន្ត បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយព្រូរថយន្តម្នាក់ទៀត បើកតាមបណ្តោយផ្លូវ២០១១ពីជើងទៅត្បូង ដល់ចំណុចខាងលើ រេចង្កូត ឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុករះម៉ូតូ ដួលរណូករណែលចំនួន៩គ្រឿងដែលចតលើចិញ្ចើមផ្លួវ រងខូចខាត រួមទាំងកង់បីឥណ្ឌាមួយគ្រឿងផងែរ។ ក្រោយកើតហេតុ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយករថយន្តបង្ក ទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕ធ.ដ