ឃ្លាំងអេតចាយគ្មានច្បាប់អាជ្ញាប័ណ្ណ ត្រូវអាជ្ញាធរចុះពិនិត្យ និងឲ្យរើចេញពីលើផ្លូវ
ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែង មិនត្រឹមអត់មានអាជ្ញាប័ណ្ណ បើកអាជីវកម្មក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បែជាយកបាវផ្អុកអេតចាយមកដាក់លើផ្លូវបេតុង ដុតបង្ហុយផ្សែងពាសវាលពាសកាល ធ្វើឲ្យប្រជាពលរដ្ឋរះគន់ អាជ្ញាធរចុះទៅត្រួតពិនិត្យ បែរជាស្ត្រីម្នាក់ជាមេការ យកអាជ្ញាប័ណ្ណដែលបើកនៅខណ្ឌសែនសុខមកបង្ហាញ បំភ័ន្តភ្នែកទៅវិញ។ ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌ ការិយាល័យជំនាញ បរិស្ថាន សង្កាត់ ចុះទៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
តាមអ្វីដែលស្ត្រីម្នាក់ ជាអ្នកមើលការខុសត្រូវ សិប្បកម្ម ឃ្លាំងស្តុកអេតចាយ បានបង្ហាញឯកសារមិនប្រក្រតី ដែលមានឈ្មោះ អួង ម៉េងហុង ភេទប្រុស ជាថៅកែឃ្លាំង តែអាជ្ញាប័ណ្ណដែលយកមកបង្ហាញពេលនេះ ជាអាជ្ញាប័ណ្ណ ប៉ាតង់ បើកអាជីវកម្ម នៅផ្លូវឌួងងៀប ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទៅវិញទេ យកមកបង្ហាញ ឯកសារបើកអាជីវកម្មនៅខណ្ឌសែនសុខ តែមកបើកនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ក្នុងការងារដឹកនាំកម្លាំង ជំនាញចុះពិនិត្យទីតាំងឃ្លាំងអេតចាយដ៏ធំសម្បើមខាងលើ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ការិយាល័យបរិស្ថាន ដល់ទីតាំងខាងលើ តែមិនមានវត្តមានថៅកែឡើយ មានស្ត្រីវ័យក្មេងពីរនាក់ចេញមុខមកអះអាងថា ខ្លួនជាអ្នកចេញមុខដោះស្រាយ រាល់ផលប៉ះពាល់។ អាជ្ញាធរខណ្ឌ សង្កាត់ ខណៈដែលចុះពិនិត្យលើ ទីតាំង ដាក់ស្តុក បាវអេតចាយ រញ៉េរញ៉ៃ តាមផ្លូវ ដុតកាកសំណល់ ជាតិប្លាស្ទិច ផ្សែងហុយពេញវាល ត្រូវបានជំរុញ និងទុកឲ្យឱកាសឲ្យ៣ថ្ងៃ ដើម្បីរើបាវអេតចាយចេញ រៀបចំសណ្តាប់ធ្នាប់ឡើងវិញ ហាមដុតកាកកសំណល់ប្លាស្ទិច បង្កឲ្យភាយក្លិន និងទាមទារឲ្យម្ចាស់ ថៅកែទីតាំងយកឯកសារ អាជ្ញាប័ណ្ណប៉ាតង់ បង្ហាញអាជ្ញាធរ ឲ្យបានត្រឹមត្រូវ៕ធ.ដ