ការកកស្ទះទំនិញនាំចេញ-នាំចូលក្នុងពេលប៉ុន្មានថ្ងៃនេះ ដោយសាររថយន្តកុងទឺន័រខ្លះ មិនមានឯកសារគ្រប់គ្រាន់ មិនមែនមកពីការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃការអនុវត្តយន្តការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបររបស់អ្នកបើកបររថយន្តដឹកទំនិញចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា តាមការត្រួតពិនិត្យរថយន្តកុងទឺន័រ ដឹកទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល១៥ថ្ងៃកន្លងមក គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ គឺមានការកកស្ទះផលិតផលនាំចេញ-នាំចូល ប៉ុន្តែការកកស្ទះនេះ ក៏ដោយសារតែរថយន្តខ្លះមិនមានឯកសារគ្រប់គ្រាន់ ដូច្នេះអ្នកបើករថយន្តទាំងអស់នោះ មិនហ៊ានចូលកំពង់ផែ ទើបធ្វើឱ្យមានការស្ទះ។ ឯកឧត្តម សេង ឈួន បញ្ជាក់ថា រថយន្តល្មើសទាំងអស់ ត្រូវបានផាកពិន័យតាមច្បាប់ចរាចរណ៍តាមអនុក្រឹត្យលេខ៤៤។ ឯកឧត្តមថា បើយើងមានឯកសារគ្រប់គ្រាន់ គឺសមត្ថកិច្ចមិនមានការសួរនាំនោះទេ។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន និងអ្នកបើកបររថយន្តទាំងឡាយដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំតាមកាលកំណត់ និងមានប័ណ្ណបើកបរស្របតាមប្រភេទយានយន្ត ព្រមទាំងបានអំពាវនាវឱ្យក្រុមហ៊ុន និងអ្នកបើកបរដែលមិនទាន់បានគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តច្បាប់ទាំងនោះទាំងអស់គ្នាឱ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពសាធារណជន និងជាប្រយោជន៍របស់យើងទាំងអស់គ្នា។

ថ្លែងក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ហឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា ក្រោមការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១៥ថ្ងៃកន្លងមក រថយន្តដឹកទំនិញសរុបចំនួន១៩៥៤គ្រឿង ត្រូវបានត្រួតពិនិត្យទាំងលក្ខណៈបច្ចេកទេស និងឯកសារពាក់ព័ន្ធ។ ជាលទ្ធផលក្រុមការងារបានរកឃើញថា រថយន្តល្មើសសរុបមានចំនួនតែ២២៤គ្រឿងប៉ុណ្ណោះ ស្មើនឹង១១% ដែលក្នុងនោះ៣០% ល្មើសលើលិខិតស្នាម និង៧០% ល្មើសលើលក្ខណៈបច្ចេកទេស។

ជាមួយនេះ នាយឧត្តមសេនីយ៍ ហឹម យ៉ាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ឱ្យចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយស្មារតីរួមសហការ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញឱ្យអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ទៅប្រឡងយកប័ណ្ណបើកបររថយន្តធុនធ្ងន់ ឱ្យបានត្រឹមត្រូវ ហើយត្រូវមានឯកសារ គ្រប់គ្រាន់ត្រឹមត្រូវ រថយន្តត្រូវមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពេលបើកបរត្រូវគោរពច្បាប់ ត្រូវប្រុងប្រយ័ត្ន កុំវ៉ាជែង ត្រូវចេះយោគយល់គ្នា កុំដឹកលើសទម្ងន់កំណត់ កុំប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner