គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយខ្លឹមសារសំខាន់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ស្តីពី៖ ទី១. ការឃោសនាបោះឆ្នោត , ទី២. ពាក្យបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ទី៣. ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងទី៤. ក្រមសីលធម៌របស់គណបក្សនយោបាយក្នុងដំណើរការឃោសនាបោះឆ្នោត។
ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំថា យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៥ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
ឯកឧត្តមបានបន្តថា សកម្មភាពដែលចាត់ទុកថា ជាការឃោសនាបោះឆ្នោតមានដូចខាងក្រោមនេះ៖
ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ការជួបជុំ ឬការឃោសនាតាមផ្ទះ ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន ការផ្សព្វផ្សាយតាមរលកអាកាស ឬការឃោសនាតាមឧបករណ៍បំពងសំឡេង ឬតាមរយៈការចាក់ផ្សាយកាស្សែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ឬហ្វ្លាស ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ សកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនាបោះឆ្នោតនានា សកម្មភាពចែកចាយខិត្តបណ្ណគណបក្សនយោបាយ សកម្មភាពចែកចាយស្លាកសញ្ញាគណបក្សនយោបាយ ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗទៀតដែលបោះពុម្ព ឬគូរ ឬផលិតដែលមានស្លាកសញ្ញាគណបក្សនយោបាយ ឬនិងបេក្ខជនជូនអ្នកបោះឆ្នោត សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬ/និងដំឡើងបន្ទះក្ដារបិទប្រកាសផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ ឬបេក្ខជន ការប្រគំតន្ត្រីនៅទីកន្លែងណាមួយ ឬច្រៀងចម្រៀងឃោសនាបោះឆ្នោត ឬការលេងភ្លេងឃោសនាបោះឆ្នោត និងការរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប



