លោក ត្រាំ៖ អ៊ីរ៉ង់កំពុងលេងជាមួយភ្លើង ក្រោយប្រកាសចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឡើងវិញ
សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់កំពុងលេងជាមួយភ្លើងហើយ បន្ទាប់ពីប្រកាសបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ដោយរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ។
លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ ក្រោយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ចាហ្វាដ ហ្សារីហ្វ បានទទួលស្គាល់ថា ប្រទេសខ្លួនបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម។ ការសម្រេចចិត្តនេះដែរ ធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជានខ្ពស់ជាច្រើននាក់ទៀត។
ជុំវិញបញ្ហាខាងលើនេះ សេតវិមានបានបញ្ជាក់ថា នឹងបន្តដាក់សម្ពាធជាអតិបរាមាលើប្រទេសអ៊ីរ៉ង់ រហូតដល់ទីក្រុតេហេរ៉ង់ផ្លាស់ប្ដូរផ្លូវដែលខ្លួនកំពុងដើរបច្ចុប្បន្ន ហើយអនុវត្តឡើងវិញនូវការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមក្រោមស្ដង់ដារអន្តរជាតិ៕ធ.ដ