ថៃ ស្នើចុះបញ្ជីទីតាំងថ្មីចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
បើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ កាលពីម្សិលមិញថា ខណៈសម័យប្រជុំលើកទី៤៣ នៃគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានចាប់ផ្តើមប្រព្រឹត្តទៅសំណើរបស់ប្រទេសថៃស្តីពីការសុំចាត់បញ្ជូលទីតាំងចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នឹងត្រូវលើកយកមកវាយតម្លៃក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
សម័យប្រជុំលើកទី៤៣ របស់គណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO បានប្រារព្ធឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា។ អំឡុងកិច្ចប្រជុំនេះ ក្នុងចំណោមសំណើជាច្រើនទៀត អង្គការ UNESCO នឹងធ្វើការពិចារណាទៅលើទីតាំងចំនួនបី ដែលប្រទេសថៃប្រាថ្នាចង់ឲ្យទទួលបានឋានៈជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងណោមទីតាំងទាំងបី ទីតាំងវប្បធម៌ទីមួយ គឺជាឧទ្យានប្រវត្តិសាស្រ្តស្រីទេព ខណៈទីតាំងទីពីរសំដៅលើប្រាសាទចំនួន៣ រួមមាន Phanom Rung ប្រាសាទ Muang Tam និងប្រាសាទផ្លៃ Plai Bat ស្ថិតក្នុងខេត្តបុរីរម្យ។ រីឯទីតាំងទីបី គឺឧទ្យានជាតិកែងក្រច័ន្ទ (Kaeng Krachan) ដែលស្ថិតនៅខេត្តពេជ្របុរី (Phetchaburi)។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកគ្រោងនឹងធ្វើការវាយតម្លៃលើសំណើនេះ នៅថ្ងៃទី០៤ និងទី០៥ ខែកក្កដា ២០១៩៕ធ.ដ