អឺរ៉ុប សម្រេចលែងយកពន្ធលើផលិតផលនាំចូលពីវៀតណាម ស្ទើរគ្រប់មុខជាផ្លូវការ
ដូចតាមការគ្រោងទុក អឺរ៉ុប និងវៀតណាម បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយគ្នា ដែលកិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់ការយកពន្ធស្ទើរតែលើគ្រប់មុខទំនិញទាំងអស់ ដែលនាំចេញពីវៀតណាមចូលទៅកាន់អឺរ៉ុប។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីចុងសប្តាហ៍កន្លងទៅ ដោយពេលនោះ ឧត្តមស្នងការពាណិជ្ជកម្មរបស់ EU លោកស្រី សេស៊ីលា ម៉ាលស្រ្តូម និងបានថ្លែងសាទរថា វាជាជោគជ័យដ៏សំខាន់មួយរវាងដៃគូពាណិជ្ជកម្មទាំងពីរ។ យ៉ាងណាមិញ ទាល់តែទទួលបានការផ្តល់សច្ចាប័នពីសភាអឺរ៉ុប ទើបកិច្ចព្រមព្រៀងនេះអាចចូលជាធរមានផ្លូវការ ដែលវានឹងកើតឡើងនៅចុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំក្រោយ។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុបនេះ ទំនិញអាចរហូតដល់៩៩ភាគរយ ដែលនាំចូលពីវៀតណាម នឹងមិនត្រូវយកពន្ធឡើយ នៅពេលនាំចូលទៅសហភាពអឺរ៉ុប។ គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើ ដែលនឹងធ្វើឲ្យទីផ្សារអឺរ៉ុបបើកចំហកាន់តែធំទូលាយថែមទៀតសម្រាប់វៀតណាម នឹងជួយជំរុញផលិតផលនាំចេញចម្បងៗរបស់វៀតណាម រួមមានដូចជា វាយនភណ្ឌ ស្បែកជើង ស្មាតហ្វូន និងគ្រឿងបន្លាស់កុំព្យូទ័រ។ រីឯបណ្តាប្រទេសអឺរ៉ុប ក៏អន្ទះសាចង់ទាញយកផលប្រយោជន៍ពីទីផ្សារវៀតណាម ដែលមានប្រជាជនប្រមាណ៩៥លាននាក់ផងដែរ៕ធ.ដ