ថៃ-ឡាវ ចុះកិច្ចព្រមព្រៀងពង្រឹងគុណភាពផ្លូវ និងស្ថាបនាផ្លូវរថភ្លើងបន្ថែម ចំណាយជិត១០០លានដុល្លារអាម៉េរិក

ប្រទេសថៃ និងប្រទេសឡាវ បានចុះកិច្ចព្រមព្រៀងបង្កើនគុណភាពផ្លូវ និងស្ថាបនាផ្លូវរថភ្លើងបន្ថែម មានតម្លៃជាង៣ពាន់លានបាត ឬជិត៩៨លានដុល្លារអាម៉េរិក ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន នេះបើតាមទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនឹងគ្នាហៅកាត់ថា Neda នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩។

លោក ភឺរ៉ាម៉េស វុដធីទ័រ ណេធីរ៉ាក់ អនុប្រធានទីភ្នាក់ងារ Neda បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីចុងសប្តាហ៍កន្លងទៅ នៅប្រទេសឡាវ ដោយមាន២គម្រោង ក្នុងនោះ មួយពាក់ព័ន្ធនឹងការពង្រឹងគុណភាពផ្លូវជាតិលេខ១១ ភ្ជាប់ទៅប៉ុស្តិ៍ត្រួតពិនិត្យ ភូឌូ ក្នុងខេត្ត អ៊ូតារ៉ាឌីត ជាមួយក្រុងវៀងចន្ទន៍។ ការធ្វើឲ្យគុណភាពផ្លូវកាន់តែល្អប្រសើរនេះ គឺនឹងពង្រីក២គន្លង មានតម្លៃ១,៨ពាន់លានបាត។

លោក ភឺរ៉ាម៉េស បាននិយាយថា គម្រោងនឹងធ្វើឲ្យការដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរឆ្លងកាត់ផ្លូវរបៀងសេដ្ឋកិច្ចឈៀងម៉ៃ-វៀងចន្ទន៍ កាន់តែលឿន។ ជាងនេះទៀត កិច្ចព្រមព្រៀងក៏នឹងមានការស្ថាបនាផ្លូវរថភ្លើងពី នុងខៃ ទៅ ថាណាលេង ក្នុងប្រទេសឡាវ ពង្រីកទៅដល់ក្រុងវៀងចន្ទន៍។ គម្រោងនេះនឹងចំណាយថវិការ១,៦ពាន់លានបាត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner