សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចតាម Tik tok ជាអ្នកណា?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចតាមTik tok ជាអ្នកណា?។ ដោយសម្តេចបានបញ្ជាក់ថា សម្តេចមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរសម្តេចទេ។ ដូចនេះទើបសម្តេចស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់”។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលសម្តេចបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរសម្តេចពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សិបនាក់ចូលមកជេរ។ សម្តេចតេជោបានបន្តថា កាលឆ្នាំ២០១៦-២០១៧ មានជាង២០០០នាក់ចូលមកជេរសម្តេចតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយសម្តេចប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយសម្តេចនិយាយរឿងព្រែកជីកហ្វូណនតេជោ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចមិនប្រាកដថា វៀតណាមនេះជាអ្នកណា វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីតិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។ ដោយសម្តេចបានបញ្ជាក់ថា “ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់”៕
ដោយ៖ពលជ័យ

ads banner